អង្គការ USAID មរតកបៃតង រកឃើញសត្វក្រៀលចំនួន ២២ ក្បាល នៅដែនជម្រកសត្វព្រៃលំផាត់

//s9.kh1.co/6b/6b6289897d3cc3c961a64df9187ae5633a85c7a5.jpg
សង្គម

 ០២-មករា-២០២៥ ២ល្ងាច · ៣ ថ្ងៃមុន

អង្គការ USAID មរតកបៃតង រកឃើញសត្វក្រៀលចំនួន ២២ ក្បាល នៅដែនជម្រកសត្វព្រៃលំផាត់

ក្រុមការងារតាមដានជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់របស់អង្គការ USAID មរតកបៃតង បាននាំយកព័ត៌មានដ៏សែករីករាយមកចែករំលែកជាមួយអ្នកទាំងអស់គ្នា ដោយនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារបានធ្វើការតាមដាន និងប្រទះឃើញសត្វក្រៀលចំនួន២២ក្បាលក្នុងនោះមានកូនទើបនឹងធំចំនួន៨ក្បាល ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងទីតាំងផ្សេងៗគ្នាចំនួន ៧កន្លែង នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួននេះ គឺមានលើសពីពេលណាៗទាំងអស់ដែលក្រុមការងារបានប្រទះឃើញនៅក្នុងដែនជម្រកនិងលើសពីការប្រទះឃើញនៅក្នុងរដូវកាលឆ្នាំមុន ដែលក្រុមការងារបានតាមដានឃើញតែចំនួន១៦ក្បាលប៉ុណ្ណោះ។ ការកើនឡើងនូវវត្តមានរបស់សត្វក្រៀលដ៏គួរឱ្យកត់សម្គាល់នេះ គឺជាសក្ខីភាពមួយចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះរបស់យើង និងជាលទ្ធផលដ៏ល្អក្នុងការបិទបញ្ចប់ឆ្នាំ២០២៤ ដើម្បីឈានទៅបន្តការងារអភិរក្សរបស់យើងបន្តនៅក្នុងឆ្នាំ២០២៥ ដែលពោរពេញទៅដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត។

សត្វក្រៀលទាំង២២ក្បាល រួមទាំងកូនៗដ៏គួរឱ្យស្រឡាញ់របស់ពួកវាទាំងនេះ ត្រូវបានសង្កេតឃើញហោះហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីយ៉ាងរីករាយ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាកំណត់ត្រាថ្មីមួយនៅក្នុងរដូវកាលនេះ។ ដែនជម្រកសត្វព្រៃលំផាត់ បានក្លាយជាទីតាំងដ៏ពេញនិយមមួយក្នុងចំណោមតំបន់ដ៏តិចតួចប៉ុណ្ណោះ នៅក្នុងតំបន់មេគង្គ ដែលសត្វក្រៀលបានជ្រើសរើសបន្តពូជ ចិញ្ចឹមកូន និងស្នាក់នៅនារដូវរងារ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន USAID មរតកបៃតង និងមូលនិធិភាពជាដៃគូសំរាប់ប្រព័ន្ធអេកូឡូស៊ីដែលរងការគម្រាមកំហែង បាន និងកំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វក្រៀលទាំងនេះ រួមមានការតាមដានការពារសំបុកសត្វ ការល្បាតព្រៃឈើ កម្មវិធីកសិកម្មដែលមានមេត្រីភាពចំពោះសត្វព្រៃ និងសកម្មភាពជាច្រើនផ្សេងទៀត។ ហើយកម្មវិធីអភិរក្សសត្វក្រៀលនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលត្រូវបានជំរុញដោយការអនុវត្តគម្រោងរេដបូកលំផាត់ ដែលមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់ជីវៈចម្រុះ ការពារវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចក្នុងតំបន់ និងការរស់នៅប្រកបដោយបរិយាកាសល្អតាមរយៈការអភិរក្សព្រៃឈើឱ្យនៅគង់វង្ស។

សត្វក្រៀល បច្ចុប្បន្នត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទកំពុងទទួលរងការគំរាមកំហែង ក៏ប៉ុន្តែប្រភេទសត្វក្រៀលនៅអាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលសត្វក្រៀលតំបន់ទន្លេមេគង្គផងដែរនោះ កំពុងឈានទៅរកការផុតពូជ ប្រសិនបើមិនមានការការពារទេនោះ ដោយពួកវាត្រូវបានគេរកឃើញថាមានកាច់សំបុកចំនួនប្រហែលតិចជាង ៥០ សំបុកប៉ុណ្ណោះកាលពីឆ្នាំមុន ដោយសារការបាត់បង់ទីជម្រក និងកត្តាគំរាមកំហែងផ្សេងៗទៀត៕

 ប្រភព៖ USAID មរតកបៃតងក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/75/751d722cfb941b3205f06615a3946479c844772b.jpg

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Smart Axiata ចុះអនុស្សរណៈ ដើម្បីចូលរួមបណ្ដុះពន្លកបៃតង និងលើកកម្ពស់ការអនុវត្តសកម្មភាពបរិស្ថាន សម្រាប់ប្រទេសកម្ពុជាកាន់តែបៃតងស្អាត

 ០២-មករា-២០២៥ 
 ១១ព្រឹក · ៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T