ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឬស្សីខេត្តបាត់ដំបងនិយមប្រកបរបរដាំដំណាំម្នាស់ បន្ទាប់ពីការងារធ្វើស្រែចម្ការដោយពួកគាត់ថាការដាំដំណាំម្នាស់អាចរកប្រាក់ចំណូលបានច្រើនជាងដំណាំស្រូវ ដែលធ្វើឲ្យជីវភាពរបស់ពួកគាត់ប្រសើរឡើងមួយកម្រិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រី ព្រឿន សាវ ជាកសិករប្រកបរបរដាំដំណាំម្នាស់អាយុ ៤៥ឆ្នាំ រស់នៅភូមិរបស់មង្គលឃុំរបស់មង្គលស្រុកម៉ោងឬស្សីបាននិយាយថាក្នុងឆ្នាំនេះថ្វីត្បិតតម្លៃម្នាស់ថោកជាងឆ្នាំមុនប៉ុន្តែវាអាចផ្តល់ផលចំណេញខ្លះដែរ ដោយតម្លៃឆ្នាំនេះម្នាស់លេខ ១ត្រឹមលក់បានមួយផ្លែ ៥០០ រៀល ដែលឆ្នាំមុនឆ្នាំមុនលក់បាន ថ្លៃជាងនេះ។
ម្ចាស់ចំការខាងលើបញ្ជាក់ថាម្នាស់ស្រុកមោងឬស្សីមានភាពល្បីល្បាញយូរណាស់មកហើយ ខាងរស់ ជាតិ ផ្អែមឈ្ងុយឆ្ងាញ់ជាប់មាត់ នៅពេលដែលអ្នកទិញលឺសូរថាម្នាស់ស្រុកមោង ពួកគាត់ដឹងភ្លាមពី រស់ជាតិរបស់វា។ អ្នកស្រីបន្ថែមថាម៉ូយដែលមកទិញម្នាស់ ដល់ចំការបានយកទៅលក់បន្ត នៅខេត្ត បាត់ដំបង បណ្តាខេត្តនានា និងរាជធានីភ្នំពេញផងដែរ ។
យ៉ាងណាក៏អ្នកស្រីបានសំណូមពរដល់ប្រជាពលរដ្ឋជួយគាំទ្របន្ថែមទៀតនៅ ដំណាំម្នាស់ដែល កសិករខ្មែរដាំ ដើម្បីជួយចូលរួមលើកស្ទួយផលិតផលកសិកម្មក្នុងស្រុកឱ្យកាន់តែមានការរីកចម្រើន។
ចំណែកឯ លោក ទេព ហន អភិបាលស្រុកមោងឬស្សីបានលើកឡើងថា ផ្លែម្នាស់នៅស្រុកមោងឫស្សីមានការចែកចាយទៅខាងខេត្តសៀមរាបខ្លះនិងភ្នំពេញខ្លះ ។ លោកបន្ដថាស្រុកមោងឬស្សីមានតែឃុំរបស់មង្គលមួយប៉ុណ្ណោះ ដែលដាំដំណាំម្នាស់ ហើយជាទូទៅប្រជាពលរដ្ឋកែប្រែសណ្ឋានភាពដីពីដីស្រែមកជាដំណាំម្នាស់ នៅក្នុងមួយហិចតាគាត់ដាំកូន ៦ម៉ឺនដើម ក្នុងការថែទាំបានល្អទទួលបានផល៥ម៉ឺនផ្លែ ។
គួរបញ្ជាក់ថាបើតាមរបាយការណ៍អាជ្ញាធរឱ្យដឹងថានៅស្រុកមោងឫស្សីខេត្តបាត់ដំបងបានប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ បានប្រកបមុខរបរដាំដំណាំម្នាស់ លើផ្ទៃដីប្រមាណ ជាង៧០៥ហិកតា ៕ អត្ថបទ ៖ សុខ មន្នីនាថ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង