កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន ៣ ០២៦គ្រួសារ នៅភូមិចំនួន៦ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៨៨៥បណ្ណ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ ៨៨៥បណ្ណ ដល់ប្រជាពលរដ្ឋចំនួន ៣ ០២៦គ្រួសារ នៅភូមិចំនួន៦ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
ការវាស់វែងដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំមានក្រុមចុះបញ្ជីចំនួន ១១ក្រុម មានកម្លាំងសរុប ៣៥០នាក់ ក្នុងនោះ កម្លាំងខេត្ត ១៧៩នាក់ កម្លាំងយុវជន ១៥៣នាក់ និងក្រុមចុះបញ្ជីរបស់ក្រសួងដែនដីមាន ១៣នាក់។ បើតាមការលើកឡើង លោក លី សុភា ប្រធានមន្ទីរដែនដីនគររូបនីយកម្ម សុរិយោដី និងសំណង់ខេត្តកំពង់ឆ្នាំង បានបន្តថា ដោយសារការខិតខំប្រឹងប្រែងពីមន្ត្រីសុរិយោដី និងមន្ត្រីចុះរបស់វែងទាំងអស់ និងដោយមានការសហការល្អពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងនោះធ្វើឱ្យកិច្ចដំណើរការក្នុងការវាស់វែងដីធ្លីនេះប្រកបដោយភាពជឿនលឿន និងប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័សផងដែរ។
ចាប់តាំងពីថ្ងៃផ្ដើមចុះវាស់វែងរហូត មកដល់ពេលនេះ គឺក្រុមការងារវាស់វែងសម្រេចបានការចុះបញ្ជី និងវាស់វែងបាន៩៥% ផែនការនេះ នឹងវាស់វែងឱ្យរួចរាល់នៅត្រឹមចុងខែមីនា ឆ្នាំ២០២៥នេះ ព្រោះការវាស់វែងនៅសល់ប្រហែលជា ៥%ទៀតតែប៉ុណ្ណោះ។ ជាការលើកឡើងបន្តទៀត លោក លី សុភា។
លោក ប្រធានមន្ទីរ បានបន្ថែមថា ដើម្បីជំរុញនៃការវាស់វែងដីធ្លីឱ្យបានសម្រេចតាមផែនការ ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ និងបន្តសហការសហការឱ្យបានល្អ ជាជាមួយនិងមន្ត្រីចុះវាស់វែងដីធ្លីជាបន្តទៀតដោយធ្វើយ៉ាងណាឱ្យផែនការនេះសម្រេចបានទៅតាមការគ្រោងទុក។
ការប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាពេលនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងជីវភាពរស់នៅការបង្កើនសុវត្ថិភាពលើការកាន់កាប់ក្នុងការប្រើប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រួសារផ្អែកលើបណ្ណក ម្មសិទ្ធដែលបងប្អូនយើងទទួលបាននាពេលនេះ។ ជាការថ្លែង លោក ស៊ុន សុវណ្ណារិទ្ធិ។
គួរបញ្ជាក់ថា បណ្ណកម្មសិទ្ធិដីធ្លីដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង៦ភូមិ ក្នុងឃុំពោធិ៍ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចំនួនសរុប ៥៨៨៥បណ្ណ ស្មើនឹង ៣.០២៦គ្រួសារ ក្នុងនោះ៖ ភូមិសំរោងមានចំនួន ៦៩៤បណ្ណ ស្មើនឹង ៤៣៩គ្រួសារ, ភូមិកំពង់បាចិន ៦១១បណ្ណ ស្មើនឹង ៣៥២គ្រួសារ, ភូមិពាមទន្លា ១.៨៦៧បណ្ណ ស្មើនឹង ៨០៨គ្រួសារ, ភូមិថ្មី ៦៦៩បណ្ណ ស្មើនឹង ៣៩៦គ្រួសារ, ភូមិដំណាក់កកោះ ៧ ៥៥បណ្ណ ស្មើនឹង ៧០៧គ្រួសារ និងភូមិពោធិ៍ ១.២៨៩បណ្ណ ស្មើនឹង ៧០៧គ្រួសារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)