នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំបញ្ជីព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា និងប្រពៃណីក្នុងខេត្តសៀមរាប ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា នៅក្នុងខែកុម្ភៈនេះ មានព្រឹត្តិការណ៍ចំនួន២គឺ ពិធីឡើងមាឃ ឬឡើងអ្នកតា និងកម្មវិធីដង្ហែទីងមោងយក្ស ដែលពិធីចាប់ត្រីរួមគ្នានេះនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅបឹងនៃភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលជាប្រពៃណីទំនៀមទម្លាប់មួយ របស់បងប្អូនក្នុងតំបន់អង្គរ បានប្រកាន់ភ្ជាប់មកយ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណកាលមកមិនដែលខកខានឡើយ។ ពិធីនេះមិនត្រឹមតែបង្ហាញអំពីវប្បធម៌បុរាណប៉ុណ្ណោះទេ ថែមទាំងជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តជាបន្តបន្ទាប់ ដែលជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ ឱ្យមានការរីកចម្រើនបន្ថែមទៀត ដែលពិធីចាប់ត្រីនេះ ធ្វើឡើងនៅពេលព្រឹកព្រលឹមស្រាងៗដោយប្រជាពលរដ្ឋមានចាស់ក្មេង ប្រុសស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ចុះចាប់ត្រី នៅម៉ោង៧ព្រឹក។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថាសម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅម៉ោង៦:៣០ល្ងាច ខាងមុខក៏មានព្រឹត្តិការណ៍ទេសចរណ៍ មួយទៀតផងដែលនោះគឺដង្ហែទីងមោងយក្ស ការបង្ហាញតុក្ដតាយក្សនេះ ដើម្បីលើកស្ទួយនូវវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្សឱ្យមានការទាក់ទាញភ្ញៀវទេសចរ ដោយកន្លងមកក៏មានការដង្ហែជារៀងរាល់ឆ្នាំផងដែរ។ដោយប្រធានបទសម្រាប់ឆ្នាំ ២០២៥ គឺបង្កើតសិល្បៈតួរអង្គទេវកថា រាមកេរ្ត៍ ក្នុងនោះប្រភេទតួរអង្គតុក្កតាដូចជា ទេមច្ឆា គ្រុឌ ហនុមាន នាគ តោ ព្រះគណេស នាងកន្នរី មករ អាសុរ។បន្ថែមពីនោះ ក៏មាននូវក្រុមសម្ដែង ឆៃយ៉ាំ វៃស្គរ ក្រុមស្គរដៃ និងល្ខោនហ្វាផងដែរ។
លោក ង៉ូវ សេងកាក់ បន្តថានេះជាឱកាសមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត និងលើកកម្ពស់ប្រពៃណីទំនៀមទម្លាប់ របស់បងប្អូនក្នុងតំបន់អង្គរ ។លោកក៏បានជំរុញគ្រប់អ្នកពាក់ព័ន្ធ រៀបចំ ផ្សព្វផ្សាយ ក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនេះ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយល្អប្រសើរ និងជោគជ័យ មានសន្តិសុខសណ្ដាប់ អនាម័យល្អ។
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ និងលោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក ហាំ ម៉េងហួត