អ្នកខេត្តបាត់ដំបងចង់ទៅលេងទឹកសមុទ្រ មិនបាច់ចំណាយពេលយូរទៀតនោះទេ គឺធ្វើដំណើរត្រឹមតែ៥ទៅ៦ម៉ោងប៉ុណ្ណោះប្រាកដជាបានគយគន់ និងហែលលេងទឹកសមុទ្រដ៏ថ្លាឆ្វង់ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយជាក់ជាមិនខាននៅពេលដែលផ្លូវជាតិលេខ១០សាងសង់រួចជាស្ថាពរនាពេលខ្លីខាងមុខ ខណៈពេលនេះសាងសង់បានជាង៩០ភាគរយហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានបន្ថែមទៀតថាពីមុននៅពេលផ្លូវជាតិលេខ១០មិនទាន់សាងសង់ អ្នកខេត្តបាត់ដំបងចង់ទៅលេងខេត្តកោះកុងត្រូវឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ ដែលមានចម្ងាយផ្លូវ៥៨៥គីឡូម៉ែត្រ និងប្រើពេល៨ទៅ១០ម៉ោង បើជិះរថយន្តទេសចរណ៍ ។
លោកប្រធានមន្ទីរឱ្យដឹងតាមបណ្តាញសង្គមបន្ថែមថាបើសិនយើងប្រើមធ្យោបាយដឹកជញ្ជូនរថយន្តធំត្រូវប្រើពេល១២ទៅ១៥ម៉ោងឯណោះទើបដល់ ប៉ុន្តែក្រោយពីសាងសង់ផ្លូវជាតិលេខ១០រួចរាល់ នាពេលខាងមុខ អ្នកបាត់ដំបងចង់ទៅលេងសមុទ្រខេត្តកោះកុង ត្រូវធ្វើដំណើរតាមផ្លូជាតិលេខ៥៧ , ផ្លូវខេត្តលេខ៥៧-៧ និងតាមផ្លូវជាតិលេខ១០វិញ គឺឆ្លងកាត់ស្រុកសំឡូត-វាលវែង- អូរសោមដល់ខេត្តកោះកុងតែម្តង ដែលមានចម្ងាយផ្លូវប្រមាណជា ២៨០ គ ម ប៉ុណ្ណោះ។ការធ្វើដំណើរសម្រាប់ផ្លូវជាតិលេខ១០កំពុងសាងសង់ជិតរួចរាល់នេះ គឺប្រើរយៈពេលតែ៥ទៅម៉ោងសម្រាប់រថយន្តប្រភេទទេសចរណ៍ និង ប្រើពេល៦ទៅ៧ម៉ោង សម្រាប់រថយន្តដឹកជញ្ជូនធន់ធំ ពោលគឺចំណេញពេលច្រើនមែនទែន បើប្រៀបធៀបពេលមុន។
បើតាមក្រសួងសាធារណៈការនិងដឹកជញ្ជូនផ្លូវជាតិលេខ១០ បច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦% គិតត្រឹមខែធ្នូ២០២៤ ។ ហើយផ្លូវនេះក៏មានស្ថាបនាស្ពាន ខ្ពស់ជាងគេនៅកម្ពុជាផងដែរដើម្បីធ្វើដំណើរឆ្លងកាត់ ដែលមានកម្ពុស់រហូតដល់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ។ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៣%ហើយ ស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរមកដល់។
បច្ចុប្បន្នថ្វីត្បិតតែផ្លូវជាតិលេខ១០មិនទាន់សាងសង់រួចរាល់ ក៏ប្រជាពលរដ្ឋអ្នកខេត្តបាត់ដំបង ខេត្តពោធិសាត់ និងខេត្តជិតខាងមួយចំនួនទៀតដូចជាខេត្តប៉ៃលិនជាដើម បានទៅដើរលេងកំសាន្តក្រុងខេមរភូមិ ខេត្តកុះកុងជាហូរហែតាមផ្លូវថ្មីនេះ ដោយធ្វើដំណើរតាមផ្លូវបានគយគន់ទេសភាពធម្មជាតិស្រស់បំព្រង មានភ្នំ ដើមឈើដេដាស់ និងឆ្លងកាត់ស្ពានតូចធំ ខ្ពស់ទាប ប្លែកភ្នែកដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ៕ អត្ថបទ ៖ ភី សុខ វិទ្យុចំការចេកខេត្តបាត់ដំបង