ប្រដាល់៖ នៅសល់ត្រឹមតែរយៈពេល ២ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១៤ ខែ កុម្ភៈ នឹងឈានដល់ការប្រកួតសងសឹករវាងអ្នកប្រដាល់កម្ពុជា ឈុត សេរីវ៉ាន់ថង និងអ្នកប្រដាល់ជប៉ុន Taimu Hisai ហើយ ខណៈប៉ុន្មានថ្ងៃមកនេះ ហាក់មានការវិភាគច្រើនមែនទែនអំពីជំនួបអ្នកទាំង ២ ក្នុងនោះអ្នកខ្លះក៏បានជ្រើសរើសយក វ៉ាន់ថង ហើយមានអ្នកខ្លះទៀតក៏បានជ្រើសរើសយក Taimu។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ អ្នកប្រដាល់ទាំង ២ គឺធ្លាប់ជួបគ្នាម្តងរួចមកហើយ កាលពីថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៤ កន្លងទៅ ដោយពេលនោះ Taimu បានប្រើក្បាច់ពិសេសផ្តួល វ៉ាន់ថង ឱ្យសន្លប់នៅទឹកទី ១ សឹងមិនគួរឱ្យជឿ។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រកួតនោះ អ្នកប្រដាល់គុនខ្មែរមកពីខេត្តបាត់ដំបង ហាក់មិនអស់ចិត្តនោះទេ ដោយរូបគេនៅតែចិញ្ចឹមចិត្តចង់ជួបអ្នកប្រដាល់សាមូរ៉ៃជប៉ុនជាថ្មី រហូតដល់ឥឡូវនេះ ពួកគេទទួលបានឱកាសជួបគ្នាម្តងទៀតថ្ងៃទី ១៤ ខានស្អែកនេះ ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់។
ងាកមកកាន់ក្របីព្រៃពេជ្រ សម្បត្តិ ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ប្រកួតទាំងជាមួយ Taimu និងវ៉ាន់ថង ក៏បានចេញមកវិភាគលើជំនួបនេះផងដែរ ក្នុងនោះនៅក្នុងកិច្ចសម្ភាសន៍ជាមួយអេដមីនខាត់ ស្តង់ដា សម្បត្តិ បានលើកឡើងពីចំណុចពិសេសរបស់ពួកគេរៀងៗខ្លួនថា Taimu គឺមានអាវុធធ្ងន់ និងចេញចូលលឿន ដោយឡែក វ៉ាន់ថង វិញ មានអាវុធស្រាលជាង តែមានក្បាច់ និងចង្វាក់ប្រកួតច្រើនជាង។
ជាមួយគ្នានេះ សម្បត្តិ បានសង្កត់ធ្ងន់ថា បើជំនួបលើកនេះ វ៉ាន់ថង អាចកាត់ចង្វាក់ Taimu បាន នោះគេនឹងអាចមានលទ្ធភាពយកឈ្នះលើ Taimu ហើយសម្បត្តិក៏បានបង្ហើបផងដែរ ថាលើកនេះគេជឿជាក់ថា រាហ៊ូមាស នឹងអាចទទួលបានជ័យជម្នះ៕
សូមទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖