ប្រដាល់៖ សមរភូមិគុនខ្មែរកំពុងតែក្តៅគគុក បន្ទាប់ពីអ្នកប្រដាល់សាមូរ៉ៃជប៉ុន Taimu Hisai បានយកឈ្នះលើកទី ២ លើអ្នកប្រដាល់គុនខ្មែររាហ៊ូមាសឈុត សេរីវ៉ាន់ថង នៅទឹកដីកម្ពុជា និងដណ្តើមបានខ្សែក្រវាត់ IPPC រាជសីហ៍គុនខ្មែរត្រឡប់ទៅស្រុកកំណើតវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដ្បិតការប្រកួតនេះបានបញ្ចប់ទៅ ៤ ថ្ងៃហើយ ប៉ុន្តែអ្វីៗដូចជាមិនទាន់បញ្ចប់ទាំងស្រុងនោះទេ ដោយអ្នកគាំទ្រគុនខ្មែរ កំពុងតែរំអុកឱ្យអ្នកខ្លាំងគីឡូ ៦០ របស់កម្ពុជាប៉ុន្មាននាក់ ឡើងទៅជួប Taimu ដើម្បីសងសឹកឱ្យ វ៉ាន់ថង ហើយអ្វីដែលយើងសង្កេតឃើញប៉ុន្មានថ្ងៃនេះ អ្នកគាំទ្រភាគច្រើន គឺបានដាក់ក្តីរំពឹងខ្លាំងជាងគេទៅលើបឺត សង្ឃឹម សុខ ធី និងចំរើន គុនខ្មែរ។
ងាកមកកាន់ Taimu Hisai វិញ មើលទៅរូបគេ ក៏មិនចាញ់ចិត្តអ្នកគាំទ្រយើងប៉ុន្មានដែរ ដោយនៅថ្ងៃ ពុធ ទី ១៨ ម្សិលមិញ រូបគេបានបង្ហោះ Story ចំនួន ២ នៅលើ IG របស់ខ្លួន ដែល Story ទី ១ គឺបានបង្ហោះរូបថ្លុក ខណៈរូបគេកំពុងទៅគោះទ្វារបស់ បឺត សង្ឃឹម និង Story ទី ២ គឺរូបគេបាន share ចេញពីអ្នកគាំទ្រ ដែលសង្ឃឹមថា រូបគេនឹងអាចជួបជាមួយអ្នកប្រដាល់រហស្សនាមអ្នកលេងចិត្តសាស្ត្រឈាមត្រជាក់។
ជុំវិញ story ទាំង ២ នេះ គឺបានសបញ្ជាក់ឱ្យឃើញថា Taimu ហាក់កំពុងមានចិត្តចង់ជួបជាមួយបឺត សង្ឃឹម ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ គឺមិនទាន់មានការឆ្លើយតបពី សង្ឃឹម នៅឡើយទេ ដូច្នេះយើងនឹងរង់ចាំមើលបន្តទៀត ថាតើគូនេះនឹងមាននិស្ស័យបានជួបគ្នាឬទេ ហើយនាពេលខាងមុខ ថាតើនឹងមានកម្មវិធីរៀបចំឱ្យអ្នកទាំង ២ អាចជួបគ្នាបានឬយ៉ាងណា។


