ប្រដាល់៖ មិនរង់ចាំយូរលោកគ្រូអេ ភូថង បានចុចឈ្មោះកីឡាករគុនខ្មែរកំពុងឡើងកូដម្នាក់ ដែលអាចកំដរ Taimu Hisai នៅក្នុងការប្រកួតបន្ទាប់បាន បន្ទាប់ពីអ្នកប្រដាល់ប្រចាំសង្វៀន Knock Out របស់ជប៉ុនរូបនេះ បានយកឈ្នះលើឈុត សេរីវ៉ាន់ថង ដោយពិន្ទុនៅក្នុងការប្រកួតលើកទី ២ កាលយប់ពីថ្ងៃទី ១៤ កុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នេះជាលើកទី ២ ហើយ ដែល Taimu បានយកឈ្នះលើឈុត សេរីវ៉ាន់ថង ខណៈកាលពីលើកទី ១ រូបគេបានយកឈ្នះនៅទឹកដី ជប៉ុន ដោយផ្តួលឱ្យសន្លប់ទឹកទី ១ ទន្ទឹមនឹងនេះ Taimu បច្ចុប្បន្នក៏កំពុងធ្វើព្យុះធ្វើភ្លៀងផងដែរ ដោយកាលពីចុងឆ្នាំ ២០២៤ រូបគេទើបតែបានយកឈ្នះលើក្របីព្រៃពេជ្រ សម្បត្តិ ដោយផ្តួលឱ្យសន្លប់ក្នុងទឹកទី ៣។
យ៉ាងណាមិញ បន្ទាប់ពីជើងខ្លាំងគីឡូ ៦០ របស់កម្ពុជា ២ រូប បានចាញ់ផ្ទួនៗបែបនេះ បានធ្វើឱ្យអ្នកគាំទ្រគុនខ្មែរជាច្រើនកំពុងអន្ទះសារចង់ឱ្យកីឡាករផ្សេងចូលមកជួប Taimu Hisai ក្នុងការប្រកួតបន្ទាប់ ដោយមានអ្នកខ្លះបានចុចឈ្មោះបឺត សង្ឃឹម អ្នកខ្លាំងក៏ចុចឈ្មោះឃីម បូរ៉ា អ្នកខ្លះទៀតក៏ចុចឈ្មោះចំរើន គុនខ្មែរ អ្នកខ្លះក៏ចុចឈ្មោះសុខ ធី ប៉ុន្តែងាកមកកាន់លោកគ្រូ អេភូថង ដែលជាវីរៈបុរស និងជាគ្រូបង្វឹកគុនខ្មែរវិញ លោកគ្រូបានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ថាបឺត សង្ឃឹម គឺជាអ្នកបន្ទាប់ ដែលសក្តិសមក្នុងការជួបអ្នកប្រដាល់សាមូរ៉ៃជប៉ុន។

