បើតាមឯកឧត្តម បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងអំពីបញ្ហាគ្រឿងញៀនបានចំនួន ១៤៦.៥៦៦លើក អ្នកចូលរួមសរុបចំនួន២៤.៤៦៤.០៦០អង្គ/នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម បណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ផ្អែកតាមព័ត៌មានជំនាញ និងការស្រាវជ្រាវ ស៊ើបអង្កេត ឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនបានចំនួនជាង៤ពាន់ករណី និងឃាត់ខ្លួនមនុស្សជាង១ម៉ឺននាក់ បើធៀបទៅនឹងចំណុចដៅ ដែលកំណត់ គឺស្ថិតក្នុងកម្រិតល្អប្រសើរ ដ្បិតតែចំនួននៃករណីបង្ក្រាបមានកំណើនជាងឆ្នាំ២០២៣។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តទៀតថា ដើម្បីឆ្លើយតបស្ថានភាពជាក់ស្តែង ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រសួងមហាផ្ទៃ បានរៀបចំកែសម្រួលភារកិច្ច និងសមាសភាពនៃគណៈ កម្មាធិការសម្របសម្រួល ជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ឡើងវិញ ព្រមទាំងរៀបចំដាក់ឱ្យអនុវត្តផែនការសកម្មភាព និងធ្វើការផ្សព្វផ្សាយជូនដល់សមាសភាព ពាក់ព័ន្ធនៅក្រោមឱវាទក្រសួងមហាផ្ទៃសរុបចំនួន៤៥០រូប។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ស្ដីពី លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនចំនួនជាង៤ពាន់ករណី សារធាតុញៀនចំនួនជាង៥តោន ឃាត់ខ្លួនបានចំនួនជាង១ម៉ឺននាក់ ជនបរទេសជាង៤រយនាក់។ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី បានបន្តយកចិត្តទុកដាក់ជាអាទិភាពលើការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទន្ទឹមគ្នានឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលនិយាយអំពីបញ្ហាគ្រឿងញៀនដូចគ្នានេះដែរ៕
ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
