ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានជំរុញ ឱ្យចុះបញ្ជីតំបន់ការពារធម្មជាតិមួយចំនួនជាកម្មសិទ្ធិរបស់រដ្ឋ ក្នុងនោះមាន តំបន់គ្រប់គ្រង និងការពារសត្វផ្សោត ទន្លេមេគង្គ ស្ថិតនៅខេត្តក្រចេះ មានទំហំ ២១ ៩៦៦.៥១ ហិកតាត្រូវ បានចុះបញ្ជីជាដីរដ្ឋរួចរាល់ ។ការជំរុញដូចនេះក្នុងគោល បំណងទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ ឬទប់ស្កាត់ការបំផ្លាញធនធាន ធម្មជាតិ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះបញ្ជីតាម បច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់មានប្រសាសន៍ថា កិច្ចការពារ ធម្មជាតិ គឺមានសារសំខាន់ក្នុងការរក្សាធនធានសម្រាប់មនុស្សជំនាន់ក្រោយ ព្រោះតែធនធានធម្មជាតិទាំងនេះបានផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ជាក់ស្ដែង បឹងទន្លេសាប ត្រូវបានប៉ាន់ប្រមាណថា បានផ្ដល់ប្រយោជន៍ជាសេដ្ឋកិច្ចកម្ពុជាក្នុងទំហំប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។
ឯកឧត្តមបន្តថា ទន្លេមេគង្គក៏បានផ្ដល់ប្រយោជន៍ខ្ពស់ដល់សេដ្ឋកិច្ច កម្ពុជាផងដែរ ដោយវាជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយ ផ្ដល់ជាប្រភព ត្រីដល់ពលរដ្ឋ ផ្ដល់ប្រភពទឹកសម្រាប់ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គក្នុងការស្រោចស្រពដំណាំនានាជាដើម ។
បើតាមការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ ក៏បានឱ្យដឹងថា ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសកម្ពុជា នឹងត្រូវបញ្ចប់នៅអំឡុងខែមេសា ឆ្នាំ២០២៥ ពោលគឺនៅមុនមកដល់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ បន្ទាប់ពីនោះ ក្រុមការងារនឹងពន្លឿនការចុះបញ្ជីដីធ្លី បិទផ្សាយជាសាធារណៈ និងចេញបណ្ណជូន ពលរដ្ឋឱ្យបានគ្រប់ៗគ្នា ។ ទាក់ទងនឹងការអភិរក្សសត្វផ្សោតនៅកម្ពុជានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានជំរុញ និងអំពាវនាវឱ្យពលរដ្ឋក្នុងសហគមន៍ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមគ្នាការពារ និងអភិរក្សសត្វផ្សោត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាសត្វផ្សោតកាន់តែច្រើន បង្កើនចំណូលដល់ពលរដ្ឋក្នុងមូលដ្ឋានទៀតផង៕

