កីឡា៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ក្នុងពិភពកីឡា បន្ទាប់ពី Real Madrid បានប្រកាសថាពួកគេអាចនឹងមិនចូលប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Copa Del Rey ដែលនឹងធ្វើឡើង នាថ្ងៃទី២៧ខែមេសាឆ្នាំ២០២៥ វេលាម៉ោង៣ទាបភ្លឺ (ម៉ោងនៅកម្ពុជា) ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ២៤ម៉ោងមុនការប្រកួតចាប់ផ្ដើម លោក Florentino Perez ជាប្រធានក្លិប Real Madrid បានធ្វើពហិការមិនចូលរួមការពិសារអាហារពេលល្ងាចផ្លូវការជាមួយខាងក្លិប Barcelona ដែលចាត់ទុកជាទំនៀមទម្លាប់មុនការប្រកួត El Clasico មកដល់។

ក្នុងនោះដែរ ក្រុម Real Madrid ក៏ពុំបានបង្ហាញខ្លួននៅទីលានហ្វឹកហាត់ផ្លូវការសម្រាប់កម្ដៅសាច់ដុំនោះឡើយ ហើយអ្នកចាត់ការក្លិបលោក Carlo Ancelotti ក៏ពុំបានបង្ហាញមុខនៅតុសន្និសីតកាសែតមុនការប្រកួតធ្វើឡើងនោះដែរ ដោយមានការសង្ស័យទៀតផងថា Real Madrid កំពុងពិចារណាធ្វើពហិការមិនចូលរួមប្រកួតនៅថ្ងៃស្អែកនេះទៀតផង។

មូលហេតុដែល Real Madrid ធ្វើបែបនេះគឺដោយសារមិនពេញចិត្តនឹងសម្ដីរបស់លោកអាជ្ញាកណ្ដាលម្នាក់ក្នុងការប្រកួតនេះ ឈ្មោះ Ricardo de Burgos Bengoetexa ដែលលោកបាននិយាយថាអាជ្ញាកណ្ដាលសឹងតែគ្រប់គ្នាសុទ្ធតែមានសម្ពាធ ពេលកាត់ក្ដីក្នុងការប្រកួតដែលមាន Real Madrid ចូលរួម។ សម្ដីនេះបានធ្វើឲ្យលោក Florentino Perez ទទួលយកមិនបាន និងទាមទារឲ្យខាងអាជ្ញាកណ្ដាលសុំទោស ព្រមទាំងប្ដូរអាជ្ញាកណ្ដាលក្នុងការប្រកួតនេះចេញ។

រឿងនេះបានអូសបន្លាយធ្វើឲ្យអ្នកពាក់ព័ន្ធជាច្រើនចេញមុខមកបកស្រាយដូចជាលោក Javier Tebas ប្រធានក្របខណ្ឌ La Liga ដោយលោកបានប្រកាសថានឹងគ្មានការប្ដូរអាជ្ញាកណ្ដាលអ្វីទាំងអស់ ហើយបើ Real Madrid មិនព្រមចូលប្រកួតទេ ពួកគេមិនអាចលើកពាន Copa Del Rey នារដូវកាលក្រោយបាននោះឡើយ។

ភាពចម្រូងចម្រាសបានបន្តកើតឡើងខណៈដែលភាគី Barcelona វិញ គឺនៅតែបន្តហ្វឹកហាត់ ព្រមទាំងធ្វើសន្និសីទកាសែតជាធម្មតា ខណៈអ្នកគាំទ្រមានការព្រួយបារម្ភថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រអាចនឹងត្រូវរំសាយ។

យ៉ាងណាមិញ ការបង្ហោះចុងក្រោយរបស់លោក Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា លោក Florentino Perez នឹងឲ្យក្រុម Real Madrid ចូលប្រកួតពានរង្វាន់ Copa Del Rey វគ្គផ្ដាច់ព្រ័ត្រនេះតាមការគ្រោងទុកវិញ ដោយបានបញ្ជាក់ថា Real Madrid គ្មានឆន្ទៈក្នុងការបោះបង់ការប្រកួតនេះនោះឡើយ៕
