ទិដ្ឋភាពទូទៅរបស់ខេត្តស្វាយរៀង

//s6.kh1.co/25/25b1596c625ed88789ff78903af6daf257f40daa.jpg
Khmerhome

 ១៦-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ខេត្តស្វាយរៀង ជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រំប្រទល់ខាង ជើង និងខាងលិច ជាប់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់នឹងខេត្តតៃនិញ និងខេត្តឡុងអាន ប្រទេសវៀតណាម ហើយស្ថិតនៅតំបន់វាលរាប នៃទិសអាគ្នេយ៍ មានចម្ងាយ ១២៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ១ ប្រវែង ៦៥គ.ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=640,h=640,q=100/25/25b1596c625ed88789ff78903af6daf257f40daa.jpg

មានផ្ទៃដីសរុប ២.៩៦៦,៤០គីឡូម៉ែត្រក្រឡា ដែលចែកចេញជា ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និងមានភូមិ ៦៩០ភូមិ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ១៤៧.១០៧គ្រួសារ ស្មើនឹង ៦២៣.៨៣៤ នាក់(ស្រី ៣២១.៧៦២ នាក់) អត្រាកំណើនប្រចាំឆ្នាំ ១,៣៨ភាគរយ ដង់ស៊ីតេប្រជាជនប្រមាណ ២០៦នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា ។ ប្រជាពលរដ្ឋមានមុខរបរជាចម្បង គឺការងារផលិតកម្មកសិកម្ម រួមមាន ការបង្កបង្កើនផលស្រូវរដូវវស្សា ស្រូវរដូវប្រាំង ដំណាំកសិ-ឧស្សាហកម្ម និង ដំណាំរួមផ្សំផ្សេងៗ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋ មាន ១៧,០៨ភាគរយ។

ខេត្តស្វាយរៀង មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង គឺច្រកទ្វារព្រំដែនអន្តរជាតិបាវិត ព្រៃវល្លិ៍ ច្រកទ្វារព្រំដែនទ្វេភាគីសំរោង ច្រកទ្វារព្រំដែនទ្វេភាគីបុសមន ច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ច្រកទ្វារតំបន់ព្រំដែនដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែរដែក។

កសិកម្មរបស់ខេត្តស្វាយរៀង

ខេត្តស្វាយរៀង មានផ្ទៃដីផលិតកម្ម សរុបចំនួន ២០១.៦០០ហិកតា ក្នុងនោះ ផ្ទៃដីផលិតកម្មដំណាំស្រូវសរុប ១៨៥.៥០០ ហ.ត (ស្រូវវស្សា ១៦៥.៥០០ ហ.ត និងស្រូវប្រាំង ២០.៥០០ហិកតា។ ផ្ទៃដីដំណាំរួមផ្សំ សរុប ៣.៥០០ហិកតា។ ផ្ទៃដីដំណាំកសិ-ឧស្សាហកម្មសរុប ១៧.១០០ហិកតា (ដំណាំកៅស៊ូ សរុប ១.៦៧០ហ.ត ដំណាំដំឡូងមី ៩.៥០០ហ.ត និងអំពៅស្ករ ៧.៦០០ហ.ត)។

ការងារផលិតកម្មកសិកម្ម ប្រជាពលរដ្ឋដែលប្រកបមុខរបរកសិកម្មមានចំនួនសរុប ២៥០.៥៣៩នាក់ ស្មើនឹង ៦៦,៣៥ភាគរយ នៃប្រជាជនរួម ៥៩២.៨៩៥នាក់។ ប្រជាពលរដ្ឋធ្វើស្រែ មានចំនួនសរុប ២៤១.៧៨៥នាក់ ស្មើនឹង ៦៤ភាគរយ។ ប្រជាពលរដ្ឋមានមុខរបរបន្ទាប់បន្សំ និងដំណាំរួមផ្សំ កសិឧស្សាហកម្ម ចិញ្ចឹមសត្វ មានចំនួនសរុប ៧៦.១៧៦ នាក់ ស្មើនឹង ១៨ភាគរយ។

 ឆ្នាំ ២០១៧ នៅទូទាំងខេត្តស្វាយរៀង ការប្រមូលផលស្រូវវស្សា សម្រេចបានលើផ្ទៃដីចំនួន ១១៩.៧៥០ហិកតា ស្មើនឹងប្រមាណ ៧០ភាគរយ នៃផ្ទៃដីអនុវត្តបាន ខណៈការអនុវត្តស្រូវប្រាំង សម្រេចបានលើផ្ទៃដីចំនួន ១៣.២១០ហិកតា ស្មើនឹងប្រមាណ ៦៦ភាគរយ នៃផៃនការដែលបានដាក់ចុះ។

ប្រព័ន្ធធារាសាស្ត្រ

ខេត្តស្វាយរៀងមានសណ្ឋានដីផ្នែកខាងជើង ខ្ពស់ជាងផ្នែកខាងត្បូង និងមានប្រភពទឹកសំខាន់ៗ ចំនួន ០៣ គឺ ទី-ទន្លេកំពង់ត្រាច នៅស្រុករមាសហែក ទី-ព្រែកនៅតាមព្រំដែនកម្ពុជា វៀតណាម ទី៣-អាងទឹក ព្រែក បឹងបួរ ទន្លេ អូរធម្មជាតិមានស្រាប់នៅក្នុងខេត្ត។ មានប្រព័ន្ធធារាសាស្ត្រ ចំនួន ៣៨ប្រព័ន្ធ រួមមាន ទំនប់ទឹក សរុប ១១កន្លែង ស្មើនឹង ២៥.៨៤៧ម៉ែត្រ។ ប្រឡាយមេ សរុបចំនួន ៤៣ខ្សែស្មើនឹង ២៣៣.១២៨ម៉េត្រ ក្នុងនោះ ប្រឡាយកូនភ្លោះដែលជាអំណោយរបស់ សម្ដេច នាយរដ្ឋមន្រ្តី ហ៊ុន សែន មានប្រវែង ៣៥,៤ គ.ម។ ប្រឡាយរង សរុបចំនួន ២៣៤ខ្សែ ស្មើនឹង ២២១,៥០៣ម៉ែត្រ។ ស្ថានីយបូមទឹក ០៤កន្លែង គឺស្ថានីយជប់ព្រីង ស្ថានីយហ៊ុន សែន ទី១៤ ស្ថានីយហ៊ុន សែន ទី៤៩ និងស្ថានីយតាស្អាង។ បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រទាំងនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤៩.៩៣៥ហិកតា និងផ្ទៃដីស្រូវប្រាំង ចំនួន ១៩.០០៦ហិកតា។

https://s5.kh1.co/__image/w=640,h=640,q=100/4f/4f271c5eb069475811e81cddbccfff3a8027645e.jpg

ការវិនិយោគនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១១កន្លែង កំពុងដំណើរការ ៨កន្លែង គឺតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន តំបន់សេដ្ឋកិច្ចពិសេសតាយសេង តំបន់សេដ្ឋកិច្ចពិសេសសានដុង តំបន់សេដ្ឋកិច្ចពិសេសនាគរាជ តំបន់សេដ្ឋកិច្ចពិសេសឈីលូ តំបន់សេដ្ឋកិច្ចពិសេសហាយផាក តំបន់សេដ្ឋកិច្ចពិសេសអ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៍ និងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសស៍ ។

សរុបទូទាំងខេត្ត មានរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន សរុប ១៨៤កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានប្រមាណ ៦៦.៣០៧នាក់ ស្រី ៤២.៥៦១នាក់ ក្នុងនោះ រោងចក្រ សហគ្រាស ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៦៤កន្លែង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១២០កន្លែង រួមមាន រោងចក្រវាយភ័ណ្ឌ និងកាត់ដេរ ១៥កន្លែង រោងចក្រ  សហគ្រាសផ្សេងៗទៀត។

បា​វិត​ជាច្រក​ដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវគោក ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរគឺ​កម្ពុជានិង​វៀតណាម ជា​ពិសេស​គឺ​ទីក្រុងភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​។ ក្រៅពី​ការ​បង្កើត​ជា​តំបន់​កំសាន្ដ​ហើយ តំបន់​នេះ​នៅ​មាន​ផ្សារណាត់​ដែល​មាន​ទំនិញ​គ្រប់ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ពី​ប្រទេស​វៀតណាម​។ ច្រកព្រំដែន​បា​វិត​គឺជា​មជ្ឈមណ្ឌល​ទេស ចរណ៍ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​តំបន់​កំសាន្ដ​ក្នុងខេត្ដ​នេះ​។

ទីនោះមានទីផ្សារដ៏មមាញឹក ហើយប្រជាជនមានភាពរស់រាយរាក់ទាក់។ ខេត្តនេះមានជម្រើសសម្រាប់ស្នាក់អាស្រ័យពិសេសៗជាច្រើន។ នៅជិតទន្លេវ៉ៃកូ ក៏មានវាលភក់ដ៏ធំនិងមានទេសភាពស្អាតផ្ដល់ជាបរិស្ថានយ៉ាងល្អ។  ភាពស្រស់ស្អាតនៃខេត្តនេះ មិនមែនដោយសារតែភាពងាយស្រួលរបស់ខេត្តនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានធម្មជាតិ និងតំបន់បឹងព្រៃបាសាក់នៅក្រៅក្រុង និងប្រាសាទដើម្បីទស្សនាផងដែរ។ ប្រាសាទដែលគេស្គាល់តិចតួចណាស់នៅទីនេះ មានដូចជាប្រាសាទជាហៅ និងប្រាសាទបាសាក់។ «ខេត្តស្វាយរៀងមិនស្ថិតនៅក្នុងផែនទីទេសចរណ៍ទេ ប៉ុន្តែពិសេសបំផុតសម្រាប់អ្នកដែលចង់នៅស្គាល់ជីវិតជនបទនៃប្រទេសកម្ពុជា»។

តាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងថា ខេត្តស្វាយរៀងសព្វថ្ងៃ មានប្រាសាទ២កន្លែង និងរមណីយដ្ឋាន៣កន្លែង និងទីទួលបូរាណមានចំនួន៦៧៣ទួល ដែលអាចទាក់ទាញភ្ញៀវទេសចរក្នុងខេត្ត ក៏ដូចភ្ញៀវបរទេសមកទស្សនាកម្សាន្តផងដែរ។ ចំណែកឯរមណីយដ្ឋានវិញ មាន៣ ក្នុងនោះមានរមណីយដ្ឋានចំការកូនព្រៃគគីរ នៅសង្កាត់បាទីក្រុងបាវិត រមណីយដ្ឋានទឹកវិល ស្រុករមាសហែក និងរមណីយដ្ឋានប្រាសាទបាសាក់៕

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T