ម៉ាឡេស៊ី៖ បច្ចុប្បន្ននេះ ហេ្គមអនឡាញកាន់តែល្បីសុះសាយសឹងតែទូទាំងពិភពលោក ព្រមទាំងបានបង្កើតប្រាក់ចំណូលដល់អ្នកដែលលេងហ្គេមអាជីពទៀតផង។ ជាក់ស្ដែងស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់អាចរកចំណូលរាប់ពាន់ដុល្លារពីហ្គេមអនឡាញ(PUBG Mobile) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សRoslinda គឺជាស្រ្តីមេផ្ទះមួយរូប ដែលត្រូវបានគេស្គាល់ថាជាអ្នកលេងហ្គេមអាជីពម្នាក់នាពេលបច្ចុប្បន្ននេះ ព្រមទាំងអាចរកប្រាក់ចំណូលបានជាង ៦,០០០ ដុល្លារតាំងពីនាងធ្វើការផ្សាយផ្ទាល់(Live Stream) លើកដំបូងលើផេកហ្វេសប៊ុកផ្លូវការរបស់នាង ដែលឈ្មោះថា Roslinda Embran មកម្ល៉េះ។
ក្នុងកិច្ចសម្ភាសន៍មួយរបស់ Roslinda បានរៀបរាប់ពីដំណើរដើមទងរបស់នាងថា៖ កាលពីដំបូងក្រុមគ្រួសាររបស់នាងគឺជាអ្នកដែលជួយជំរុញទឹកចិត្តនាងឲ្យចាប់ផ្ដើមធ្វើការផ្សាយផ្ទាល់នៅលើហ្វេសប៊ុករាល់ពេលដែលនាងលេងហ្គេម PUBG Mobile ។ នាងបន្តថា នៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ នាងបានចំណាយពេលលេងច្រើន និងប្រឹងប្រែងបង្កើនសមត្ថភាពរបស់នាង ដោយបានសុំយោបល់ពីអ្នកលេងហ្គេមជាមួយគ្នា។
Roslinda ក៏បានប្រាប់ឲ្យដឹងពីតុល្យភាពពេលវេលាក្នុងមួយថ្ងៃ រវាងភារកិច្ចរបស់នាងដែលជាម្ដាយ និងការផ្សាយផ្ទាល់ប្រចាំថ្ងៃថា៖ ពេលព្រឹកនាងត្រូវរៀបចំអាហារ និងបញ្ជូនកូនទៅសាលារៀន បន្ទាប់មកនាងចំណាយពេល ៣ ម៉ោងដើម្បីលេងហ្គេម និងធ្វើការផ្ទះមួយចំនួនផងដែរ។ ហើយនៅពេលយប់នាងចាប់ផ្ដើមផ្សាយផ្ទាល់ហ្គេមម្ដងទៀតនៅម៉ោង ១០ យប់។
ទន្ទឹមនឹងភាពជោគជ័យមួយនេះ Roslinda ក៏ធ្លាប់ត្រូវបានទទួលរងនូវការរិះគន់ពីអ្នកដ៏ទៃថានេះមិនមែនជាភារកិច្ចរបស់ស្រ្តីមេផ្ទះឡើយ នាងគួរតែចំណាយពេលមើលថែកូនៗឲ្យល្អទើបជារឿងប្រសើរ។ តែទោះជាយ៉ាងណា ក៏នាងនៅតែប្រកាន់ជំហររបស់នាងដែរ។
ជាចុងក្រោយ Roslinda ក៏មានពាក្យលើកទឹកចិត្តដល់ស្ត្រីមេផ្ទះមួយចំនួនផងដែរថា គួររកធ្វើអ្វីដែលអាចរកបា្រក់ចំណូលបានដោយខ្លួនឯងខ្លះ មិនត្រូវពឹងលើប្ដីតែម្នាក់នោះទេ៕
សូមទស្សនាវីដេអូហ្គេមរបស់ Roslinda ៖