«ទុរេននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមមានរសជាតិឆ្ងាញ់ មិនចាញ់ទុរេននៅខេត្តកំពតឡើយ ខណៈដែលអ្នកចូលចិត្តបរិភោគទុរេនតែងតែនាំគ្នាទិញបរិភោគជារៀងរាល់ថ្ងៃ»។ នេះជាអ្វីដែលអ្នកលក់ទុរេននៅកំពង់ចាមអះអាង។
តាមព័ត៌មានពីម្ចាស់ចម្ការទុរេនម្នាក់ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានអះអាងថា ទុរេននៅក្នុងស្រុកស្ទឹងត្រង់នេះ មានសាច់លឿងរសជាតិផ្អែមឆ្ងាញ់ជក់មាត់ មិនចាញ់រសជាតិទុរេនកំពតឡើយ។ ម្ចាស់ចំការរូបនេះបញ្ជាក់ទៀតថា ដោយសាររសជាតិផ្អែមឆ្ងាញ់ ដាំដុះតាមបែបធម្មជាតិដោយមិនប្រើជាតិគីមីផងនោះ ធ្វើឲ្យអតិថិជន ក៏ដូចជាម៉ូយតែងតែមកទិញដល់ទីតាំងចំការ ក្នុងមួយថ្ងៃៗជាងមួយរយគីឡូក្រាម ហើយលក់បានក្នុងតម្លៃចន្លោះពី ១៨,០០០រៀលទៅ ២៥,០០០រៀល ក្នុង១គីឡូក្រាម។

លោក បាន ស្រេង អភិបាលរងស្រុកស្ទឹងត្រង់ បានមានប្រសាសន៍ថា មូលហេតុដែលធ្វើអោយទុរេននៅតំបន់នេះមានរសជាតិឆ្ងាញ់គឺដោយសារកត្តារួមផ្សំពីធម្មជាតិ ទង្វើរបស់អ្នកដាំដុះផ្ទាល់ ពិសេសទីតាំងភូមិសាស្ត្រ និងអាកាសធាតុអំណោយផល ព្រមទាំងស្ថានភាពដីមានជីជាតិល្អសម្រាប់ដំណាំទុរេន។
សូមបញ្ជាក់ថា បច្ចុប្បន្នកសិករនៅឃុំសសរជ្រៃ ឃុំអរក្សត្នោត ឃុំខ្នងក្តារអូម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានជាង៥០គ្រួសារបានប្រកបអាជីវកម្មដាំដុះដំណាំទុរេនលើផ្ទៃដីប្រមាណជាង៣០០ហិកតា មានពូជឳខាក់ និងម៉ានថង ៕

