បរទេស៖ ពលរដ្ឋអាមេរិកជាង ២២ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ជាង ៨លាននាក់។ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវកំពុងបង្ហាញការព្រួយបារម្ភថាជីវិតសត្វជាច្រើន ពិសេសគឺត្រីមួយប្រភេទ ស្ថិតក្នុងអំបូរត្រីបាឡែន ដែលអាចនឹងឆ្លងជំងឺដ៏កាចសាហាវនេះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីថ្លែងការណ៍របស់លោក Martin Nweeia ដែលជាជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Case Western Reserve University បានឱ្យដឹងថា ត្រី Narwhal ដែលជាអំបូរត្រីបាឡែនមានចំពុះវែង គឺកំពុងទទួលរងហានិភ័យ ដោយសារវាជាប្រភេទសត្វងាយឆ្លងជំងឺ។ ហើយប្រសិនបើវាឆ្លងជំងឺមែននោះ គឺនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីនៅទូទាំងពិភពលោក ក៏ដូចជាសហគមន៍ដែលពឹងផ្អែកលើសត្វប្រភេទនេះ។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ CDC បានឱ្យដឹងថា ហានិភ័យដែលបញ្ជាក់ថា សត្វអាចឆ្លងជំងឺកូវីដ១៩គឺមានទាប ប៉ុន្តែមានភស្តុតាងដែលអាចបញ្ជាក់ពីឆ្លងជំងឺនេះ ដូចកាលពីមេសា ទីភ្នាក់ងារសារព័ត៌មាន Fox News បានរាយការណ៍ថា សត្វខ្លាមួយក្បាលនៅសួនសត្វ Bronx ត្រូវគេធ្វើតេស្តរកឃើញថាបានឆ្លងជំងឺកូវីដ១៩។ ចំណែកឆ្កែមួយក្បាលដែលឆ្លងជំងឺដូចគ្នានេះ ត្រូវគេរាយការណ៍ថាបានងាប់កាលពីខែកក្កដា។
គួរជម្រាបដែរថា ត្រី Narwhal រួមមានទាំងត្រីបាឡែនមួយចំនួនដទៃទៀត គឺមិនមានប្រព័ន្ធភាពស៊ាំអាចប្រយុទ្ធប្រឆាំងនឹងវីរុសបានទេ។ ហើយស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការវិភាគពីលទ្ធភាពមេរោគ ដែលអាចរស់នៅក្នុងទឹកតំបន់អាក់ទិក តាមរយៈការប្រមូលសំណាកផ្សេងៗពីត្រី Narwhal នេះ៕

