អាស៊ី៖ កូវីដ១៩ បានធ្វើឲ្យមនុស្សជាច្រើនបង្អាក់នូវសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន និងការធ្វើដំណើរផ្សេងៗ ដែលជាកត្តាជួយកាត់បន្ថយការបំពុលខ្យល់នៅក្នុងបរិយាកាស ក៏ប៉ុន្ដែបែរទៅជាបង្កើននូវការបំពុលទឹក និងដីទៅវិញ។ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីត១៩មក មនុស្សគ្រប់រូបតម្រូវឲ្យពាក់ម៉ាស ឬឧបករណ៍សុវត្ថិភាពផ្សេងៗទៀតសម្រាប់ការពារមេរោគ។ ជាពិសេសសម្រាប់បុគ្គលិកសុខាភិបាល ដែលពួកគាត់ត្រូវនៅមើលថែព្យាបាលអ្នកជំងឺ តម្រូវឲ្យមានការស្លៀកនូវសម្លៀកបំពាក់ និងគ្រឿងបរិក្ខារការពារជាច្រើន ហើយត្រូវផ្លាស់ប្ដូរជាប្រចាំផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក មនុស្សគ្រប់រូបតម្រូវឲ្យពាក់ម៉ាសជាចាំបាច់ នៅពេលពួកគេចូលរួមកន្លែងមានមនុស្សច្រើនឆ្លងកាត់ ហើយត្រូវផ្លាស់ប្ដូរម៉ាសជាប្រចាំ ដើម្បីកុំឲ្យមេរោគតោងផងដែរ។ ដូច្នេះ មនុស្សម្នាក់ៗត្រូវប្រើប្រាស់នូវគ្រឿងបរិក្ខារជាច្រើន ដើម្បីការពារខ្លួន ដែលនេះជាហេតុធ្វើឲ្យពួកគេបង្កើននូវសម្រាមជាច្រើនដូចជា ស្រោមដៃ ម៉ាស សម្លៀកបំពាក់ការពារ របាំង ដែលសុទ្ធតែផលិតពីប្លាស្ទិច និងមិនអាចប្រើប្រាស់សារជាថ្មីបាន។ បើទោះបីជាកំឡុងពេលកូវីដ១៩ ការបំពុលខ្យល់ត្រូវបានកាត់បន្ថយ ក៏ប៉ុន្ដែវាបង្កជាការបំពុលទឹក និងដីយ៉ាងធ្ងន់ធ្ងរទៅវិញ។
ជាក់ស្ដែង បើសង្កេតមើលតាមរយៈប្រតិកម្មរបស់អ្នកការពារបរិស្ថាននីមួយៗនៅលើប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថាមានការចាក់ចោលនូវសម្រាមជាច្រើននៅក្នុងមហាសមុទ្រ ដែលធ្វើឲ្យជីវៈចម្រុះជាច្រើនរងគ្រោះថ្នាក់ ហើយក៏មាននូវបរិមាណម៉ាសដ៏សន្ធឹកដែលមនុស្សបានប្រើប្រាស់រួចហើយ។

ក្នុងនោះ អ្នកបច្ចេកទេសខាងបរិស្ថានបានបញ្ជាក់ថា ម៉ាសការពារមានផ្ទុកនូវសារធាតុផ្សំ Polypropylene ដែលជាសារធាតុគីមីម៉្យាងតម្រូវឲ្យប្រើប្រាស់រយៈពេលរាប់រយឆ្នាំក្នុងការរំលាយវា។ បន្ថែមទៀតនោះ វាក៏បានបង្កើតនូវសារធាតុល្អិតៗ (Microplastic) ដែលបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះនៅក្នុងទឹកផងដែរ។
ជំងឺកូវីដ១៩ ជាបញ្ហាផ្នែកសុខាភិបាលមួយដ៏ធំ តែប្រសិនបើបន្ដឲ្យមានការបំពុលបរិស្ថានបែបនេះតទៀត នោះមនុស្សជាតិនឹងអាចប្រឈមមុខនឹងបញ្ហាបរិស្ថាននេះម្ដងទៀតនាពេលខាងមុខ៕