យើងពិតជាដឹងហើយមែនទេថា ផ្កាភាគច្រើនគឺសុទ្ធតែមានសម្រស់ស្រស់ស្អាតណាស់ ដែលអាចយកមកតាំងលម្អ ធ្វើជាកាដូ ផ្តល់សោភណ្ឌភាព និងផ្តល់ក្លិនក្រអូប រួមទាំងភាពស្រស់ស្រាយ។ ជាធម្មតា ផ្កាដែលមានសម្រស់ស្រស់ស្អាត និងអាចយកមកលម្អបាន ក៏មិនមែនមានតម្លៃថោកណាស់ណានោះទេ ជាពិសេសគឺការរៀបជាបាច់ ឬកន្ត្រក តែអ្នកប្រហែលជាមិនបានដឹងទេថា ផ្កាមួយចំនួនបែរជាមានតម្លៃថ្លៃខ្លាំងខ្ពស់កប់ពពក ព្រោះតែភាពកម្រពិបាករក គុណសម្បត្តិ និងដើមកំណើតរបស់វាតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះ មកស្គាល់ផ្កាទាំង១០ប្រភេទ ដែលគេលើកឡើងថាជាផ្កាដែលមានតម្លៃថ្លៃជាងគេលើលោក ដោយផ្កាទី១ ទោះមានលុយក៏ទិញមិនបានដែរ ៖
១០. Lisianthus
ផ្កា Lisianthus ត្រូវបានគេហៅម្យ៉ាងទៀតថា The Eustoma grandiflorum គឺជាផ្កាដែលមានពណ៌ជាច្រើនខុសៗគ្នាដូចជាពណ៌ស្វាយស្លេក ពណ៌ស ពណ៌ផ្កាឡាវេនឌ័រ និងនិងពណ៌ខៀវ ដែលរីកជារៀងរាល់ឆ្នាំ និងមានដាំដុះនៅតំបន់ក្តៅនៃអាមេរិកខាងត្បូង ប្រទេសម៉ិកស៊ិកកូ ការ៉ាបៀន និងអាមេរិកខាងជើងខាងជើង។
ផ្កាដ៏ស្រស់ស្អាតនេះមានតម្លៃប្រមាណជា ៣៥ ដុល្លារក្នុងមួយបាច់។

៩. LILY of the Valley
ផ្កា LILY of the Valley នេះ គឺជាផ្កាដែលមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ តែវាក៏មានជាតិពុលកម្រិតខ្លាំងផងដែរ ដោយផ្កានេះមានដើមកំណើតនៅតំបន់អឌ្ឍគោលខាងជើងដែលមានអាកាសធាតុត្រជាក់ខ្លាំង ទាំងនៅប្រទេសអាស៊ី និងអឺរ៉ុប។
ចំពោះតម្លៃផ្កានេះវិញ មួយបាច់គឺប្រមាណជា ១៤៣ដុល្លារ តែពេលខ្លះតម្លៃអាចនឹងហក់ឡើងប្រមាណជា ៣០០ដុល្លារក៏មាន។


៨. Hydrangea
Hydrangea គឺជាផ្កាដែលមាន ៧០-៧៥ ប្រភេទខុសៗគ្នា និងមានដើមកំណើតនៅអាស៊ីខាងត្បូង អាស៊ីខាងកើត និងអាមេរិក។ ផ្កានេះត្រូវគេដឹងថាមានច្រើនចម្រុះពណ៌រួមទាំងពណ៌ស តែមនុស្សភាគច្រើនស្គាល់តែផ្កាប្រភេទនេះ ដែលមាន ពណ៌ខៀវ ពណ៌ផ្កាឈូក ពណ៌ស្វាយស្រាល ឬពណ៌ ស្វាយដិតប៉ុណ្ណោះ ។
ចំពោះពូជផ្កា Hydrangea ពណ៌ខៀវសុទ្ធ មានតម្លៃប្រមាណជា ២ ដុល្លារទៅ ៤.៥០ ឬ ៧ ដុល្លារក្នុងមួយដើម។
៧. Gloriosa Lily
Gloriosa Lily គឺជាផ្កាដែលមានដាំដុះនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងអាស៊ីប៉ុណ្ណោះ ដោយផ្កានេះមានតម្លៃថ្លៃព្រោះតែវាជាផ្កាដែលកម្រ ពិសេសវាមានលក្ខណៈស្រស់ស្អាតឆើតឆាយពិសេសខុសពីគេឯងតែម្តង។
ចំពោះតម្លៃវិញ ផ្កានេះអាចលក់ចេញបានប្រមាណជា ៥ ទៅ ១០ ដុល្លារក្នុងមួយដើម។

៦. 17th century Tulip Bulb
ផ្កានេះក្រៅពីមានសម្រស់ស្រស់ស្អាតប្លែកហើយ វាថែមទាំងមើលទៅមានឈ្មោះចម្លែកផងដែរ ដោយតម្លៃបច្ចុប្បន្នជាទូទៅ ប្រមាណជា ៩ដុល្លារក្នុងមួយមួយដើម។
តែយ៉ាងណាមិញផ្កានេះ ត្រូវបានគេដឹងថាមានតម្លៃដល់ទៅ ៥៧០០ដុល្លារឯណោះ ដែលជាផ្កាមានភាពល្បីល្បាញខ្លាំងកាលពីយុគសម័យមាសសតវត្សទី ១៧ ដោយសារតែវាជាផ្កាមានតម្លៃថ្លៃជាងមាសនៅសម័យនោះ។

៥. Saffron Crocus
ផ្កា Saffron គឺជាផ្កាពណ៌ស្វាយ និងមានបណ្តូលខាងក្នុងពណ៌លឿង ដែលមានតម្លៃថ្លៃបំផុតមួយនៅលើលោក ព្រោះតែវិធីដាំដុះ និងការប្រមូលផលដ៏លំបាក ដែលអាចប្រើជាគ្រឿងទេសន៍ដ៏មានតម្លៃបំផុតក្នុងផ្នែកសុខភាពផងដែរ។
បណ្តូលផ្កា Saffron ពណ៌លឿងដែលយកហាល និងផលិតជាផលិតផលសម្រេចអាចប្រើប្រាស់បាននោះ បណ្តូល ១០ សរសៃអាចមានតម្លៃដល់ទៅ ៦ ដុល្លារ ឯតម្លៃក្នុង មួយផោន (ប្រមាណជាកន្លះគីឡូក្រាម) អាចមានតម្លៃរហូតល់ ១៥០០ ដុល្លារ។

៤. Gold of Kinabalu Orchid
Gold of Kinabalu Orchid គឺជាផ្កាដែលមានសម្រស់ស្រស់ស្អាត និងមានដាំដុះនៅឧទ្យានជាតិគីណាបាលូលូ ក្នុងប្រទេសម៉ាឡេស៊ី តែមួយគត់។ ទោះជា ផ្កានេះជាផ្កាដែលមាននៅក្នុងឧទ្យានជាតិ តែយ៉ាងណាផ្កានេះក៏ធ្លាប់ត្រូវបានគេលួចយកទៅលក់នៅក្នុងទីផ្សារងងឹតដែរ ដោយផ្កាមួយដើម មានតម្លៃដល់ទៅ ៥០០០ ដុល្លារឯណោះ។

៣. Shenzhen Nongke Orchid
ផ្កា Shenzhen Nongke Orchid ដ៏ស្រស់ស្អាតនេះ ត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍សាជីវកម្មស្រាវជ្រាវកសិកម្មហ្សេនណុងឃីគ្រុប (Shenzhen Nongke Group ) ប្រទេសចិន ដោយត្រូវចំណាយពេលស្រាវជ្រាវ ៨ ឆ្នាំឯណោះដើម្បីធ្វើការលូតលាស់។
នៅក្នុងឆ្នាំ ២០០៥ ផ្កានេះស្រាប់តែត្រូវបានគេដាក់លក់ដេញថ្លៃក្នុងតម្លៃ ១,៦៨ លានយ័ន ឬប្រមាណជាជាង ២០ម៉ឺនដុល្លារ ដែលធ្វើឱ្យគេភ្ញាក់ផ្អើលមិននឹកស្មានថា គ្រាន់តែផ្កាស្រស់ស្អាតមួយសោះ បានក្លាយជាផ្កាថ្លៃបំផុតទៅវិញ។

២. Juliet Rose
Juliet Rose បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០០៦ នៅក្នុងកម្មវិធី Chelsea Flower Show ដែលវាមិនត្រឹមតែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលព្រោះតែសម្រស់ដ៏ស្រស់ស្អាតឆើតឆាយរបស់វាប៉ុណ្ណោះទេ តែនោះក៏ព្រោះតែវាជាផ្កាដែលមានតម្លៃថ្លៃកប់ពពកខ្លាំងតែម្តង។
ផ្កាមួយនេះត្រូវបានគេផ្តល់នាមឱ្យម្យ៉ាងទៀតឈ្មោះថាជាផ្កា “ £3 million rose ឬផ្កាកុលាប៣លានផោន ” ដោយតម្លៃពិតគឺហក់ដល់ប្រមាណជា ១៥,៨ លានដុល្លារឯណោះ។


១. Kadupul flower
Kadupul flowerគឺជាផ្កាដែលមានសម្រស់ស្រស់ស្អាតខ្លាំង និងមានភាពកម្រដោយសារតែវារីកតែម្តងគត់នៅក្នុងមួយឆ្នាំ ជាពិសេសវាជាផ្កាដែលរីកនៅយប់ងងឹត ហើយពេលព្រឹកថ្ងៃរះវានឹងក្រៀមស្វិតយ៉ាងឆាប់រហ័ស។
ដូច្នេះហើយបានជាផ្កានេះជាប់ថាជាផ្កាដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ពោលគឺគ្មាននរណាម្នាក់ដែលអាចទិញវាយកមកបានទេ ទោះមានលុយរាប់លានក៏ដោយ៕
