គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចបានចំនួន ៥៥% យឺតជាងផែនការ ដោយជួបនឹងវិបត្តិជំងឺកូវីដ-១៩

//s9.kh1.co/f2/f28b10bf5ad4d0b0c561a343e12fb6d56a284e90.jpg
Khmerhome

 ០២-ធ្នូ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គម្រោងសាងសង់កំពង់ផែទេសចរណ៍ថ្មី របស់ខេត្តកំពត ក្នុងទំហំទឹកប្រាក់ជាង ៨លានដុល្លារ កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចបានប្រមាណ ៥៥ភាគរយ ដោយសារវិបត្តិជំងឺសលក

https://s9.kh1.co/__image/w=650,h=382,q=100/b3/b38c68e5116e4d17f5762939301af0fd527948ab.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពត៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍ថ្មី របស់ខេត្តកំពត ក្នុងទំហំទឹកប្រាក់ជាង ៨លានដុល្លារ កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចបានប្រមាណ ៥៥ភាគរយ ដោយសារវិបត្តិជំងឺសលក យឺតជាងផែនការដែលបានកំណត់ទុកថា នឹងបញ្ចប់នៅដំណាចឆ្នាំ២០២១ខាងមុខ ។ បើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងដឹកជញ្ជូន បន្តថា ដោយសារហេតុនេះហើយ គម្រោងនឹងត្រូវបញ្ចប់នៅដើមឆ្នាំ២០២២។

កំពង់ផែទេសចរណ៍ថ្មី របស់ខេត្តកំពត ស្ថិតនៅក្នុងស្រុកទឹកឈូ មានបណ្តោយ ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី ៣០០ ទៅ ៤០០នាក់។ បើតាមការថ្លែងឱ្យដឹងពី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្ត នឹងបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

លោក បានបន្តថា នៅពេលដែលទីតាំងកំពង់ផែបានបញ្ចប់នឹងដាក់ឱ្យដំណើរការសេវាកម្ម វានឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសតាមរយៈកញ្ចប់ទេសចរណ៍ដែលភ្ជាប់ខេត្តកំពតជាមួយគោលដៅនៅប្រទេសវៀតណាម និងថៃជាដើម។

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីទេសចរណ៍នៃមហាអនុតំបន់ទន្លេមេគង្គឱ្យដឹងថា កំពង់ផែសមុទ្រនេះ បន្ទាប់ពីសាងសង់រួចរាល់ជាផ្លូវការ និងដាក់ឱ្យដំណើរការ ត្រូវបានរំពឹងថានឹងផ្តល់សេវាទេសចរណ៍អន្តរជាតិ និងក្នុងស្រុកចំនួន ៣៦០ ០០០នាក់ ក្នុង១ឆ្នាំ។

គូសបញ្ជាក់ថា ខេត្តកំពតមានកំពងផែចំនួន ៤ រួមមាន៖ កំពង់ផែ វិញហួរ មានជម្រៅទឹក ១៤ម៉ែត្រ អាចដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ, កំពង់ផែ របស់ លោក ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល, កំពង់ផែ របស់លោកស្រី ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗ ចេញចូលប្រទេសថៃ និងគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កំពង់ស្ថិតនៅការសាងសង់នៅឡើយ សម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T