រាជធានីភ្នំពេញ ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា(EDC) បកស្រាយថា អ្នកដែល ដោះស្រាយជូនអ្នកទីទាល់ក្រ ដាច់ប្រាក់ខែ ដោយសារជាប់ក្នុងតំបន់បិទខ្ទប់ ពិសេសតំបន់ក្រហម ជាភារិកិច្ចរបស់ អាជ្ញាធរមូលដ្ឋាន និងអគ្គលេខាដ្ឋានផ្នែកគាំពារ សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដូចនេះ ពលរដ្ឋ ត្រូវទំនាក់ទំនងទៅ ខាងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យកិច្ចការហ្នឹង ហើយអាជ្ញាធរ ផ្តល់សាច់ប្រាក់ ហើយគាត់យកមកបង់ទឹក ភ្លើង ថ្លៃសំរាម ដោះស្រាយស្បៀងអាហារ ចែកគ្នាឲ្យដាច់កុំឲ្យច្របូកច្របល់ មិនមែនជាកិច្ចការរបស់ EDCទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ រូបលោក ក៏បានលើកឡើងមូលហេតុធំៗចំនួន ២ដែលធ្វើឲ្យ កម្ពុជាមិនអាចពន្យារ ការទូទាត់ថ្លៃថាមពលបាន ទី១ មកពីកម្ពុជា ទិញអគ្គិសនីពីប្រទេសជិតខាងថៃ វៀតណាម ឡាវ ដែលគេមានសិទ្ធកាត់ផ្ដាច់ភ្លើងពីកម្ពុជាភ្លាមៗ បើរដ្ឋគ្មានប្រាក់បង់ទៅគេ ទីពីរ គឺនៅពេលដែលរដ្ឋប្រទេសទាំងនោះ ផ្ដាច់ភ្លើងពីកម្ពុជាហើយ គេពិន័យជាការប្រាក់ទៅទៀត នូវលុយដែលជំពាក់ ដូច្នេះវាទៅជាមហន្តរាយជាតិទាំងមូល។
គួរបន្ថែមថា បញ្ហាទាំងក្នុងនិងក្រៅប្រទេសនឹង កើតមានឡើង ពេលទូទាត់ឲ្យគេមិនទាន់ ដោយបញ្ហាប្រឈមក្រៅប្រទេស នោះគឺភាគីកម្ពុជា នឹងត្រូវចចារឡើងវិញ ដើម្បីឲ្យប្រទេសជិតខាងបន្តលក់ឲ្យកម្ពុជាសារជាថ្មី ឯបញ្ហាក្នុងប្រទេសនោះគឺ រោងចក្រអគ្គិសនីធ្យូងថ្មនៅព្រះសីហនុ និងរោងចក្រអគ្គសនីផ្សេងទៀត ក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងស្វាយរៀងជាដើម ក៏រងការផ្តាច់ចរន្តថាមពល និងការពិន័យដូចគ្នា បើគ្មានប្រាក់សងទៅធនាគារ ជាដៃគូអភិវឌ្ឍនោះ។
ចុងក្រោយ អគ្គនាយក ក៏បានអះអាងថា EDC បានពន្យារពេលឲ្យពលរដ្ឋរួចរាល់ហើយ តាមរយៈវិក័យប័ត្រភ្លើងប្រចាំខែ ដែលទុកពេលឲ្យពលរដ្ឋធ្វើការទូទាត់ យ៉ាងណាក្តី លោកក៏អំពាវនាវ ឲ្យអ្នកមានលទ្ធភាព ចូលរួមបង់ថ្លៃឲ្យបានទាន់ពេល ដើម្បីមានលទ្ធផលបង្វិលថ្លៃទិញ ទាំងក្នុងនិងក្រៅប្រទេស។
អ្វីដែលសំខាន់នោះគឺ លោក កែវ រតនៈសង្កត់ធ្ងន់ថា គ្មានការកាត់ផ្តាច់ចរន្តអគ្គិសនី ចំពោះបងប្អូនកំពុងជួបការលំបាក ក្នុងតំបន់ក្រហម ដែលជាកម្មករ អាជីវករក្នុងផ្សារ ដែលរងគ្រោះ ដោយការបិទខ្ទប់នេះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
