អឺរ៉ុប៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA កំពុងសិក្សាពីភាពអាចទៅរួចក្នុងការប្រារព្ធ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោករៀងរាល់ ២ ឆ្នាំម្ដង បន្ទាប់ពីខាងសហព័ន្ធកីឡាបាល់ទាត់របស់អារ៉ាប់ប៊ីសាអូឌីត(SAFF) ស្នើគម្រោងនេះឡើងក្នុងការប្រជុំប្រចាំឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាធម្មតា ការប្រកួតបាល់ទាត់ពិភពលោកទាំងផ្នែកបុរសនិងនារី នឹងធ្វើឡើងរៀងរាល់បួនឆ្នាំម្ដង ដោយការប្រកួតផ្នែកបុរសចុងក្រោយបំផុតគឺធ្វើឡើងនៅសហព័ន្ធរុស្ស៊ី នាឆ្នាំ២០១៨ដែល ក្រុមជម្រើសជាតិបារាំងជាអ្នកលើកពាននេះហើយនៅឆ្នាំ ២០២២ ការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរសនឹងធ្វើឡើងនៅប្រទេសកាតា។


ចំណែកឯការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីវិញគឺលើកចុងក្រោយធ្វើឡើងនៅឆ្នាំ២០១៩ នៅឯប្រទេសបារាំងដែលក្រុមជម្រើសជាតិនារីរបស់អាមេរិកជាអ្នកលើកពាន ហើយនៅឆ្នាំ២០២៣ ការប្រកួតនេះនឹងធ្វើឡើងនៅប្រទេសអូស្ត្រាលីនិង ន័រវេសេឡង់។


ខាងសហព័ន្ធកីឡាបាល់ទាត់ពិភពលោក មិនទាន់បានកំណត់ថាតើសេចក្ដីសម្រេចនឹងធ្វើឡើងនៅពេលណាជាក់លាក់នោះឡើយគឺគ្រាន់តែបង្ហើបថា FIFA កំពុងសិក្សាពីវា។
លោកប្រធាន Gianni Infantino បានថ្លែងនៅក្នុងការប្រជុំថា៖
ពួកយើងនឹងសិក្សាពីគម្រោងមួយនេះដោយបើកចិត្តទទួលយកមតិផ្សេងៗ ប៉ុន្តែពួកយើងនឹងមិនធ្វើការសម្រេចចិត្តណាមួយដែលធ្វើឲ្យប៉ះពាល់ដល់អ្វីដែលពួកយើងកំពុងធ្វើនោះឡើយ។ ពួកយើងស្គាល់ពីគុណតម្លៃរបស់ពានរង្វាន់បាល់ទាត់ពិភពលោក។ សូមអ្នកទាំងអស់គ្នាជឿលើខ្ញុំចុះ។

គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ពិភពលោកបែបបុរសចាប់កំណើតឡើងនៅឆ្នាំ១៩៣០ ដោយកាលណោះ ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយជាអ្នកលើកពាន។ចំណែកការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីទើបតែចាប់កំណើតនៅឆ្នាំ១៩៩១ ដោយក្រុមជម្រើសជាតិនារីអាមេរិកជាម្ចាស់ជ័យលាភី៕

ប្រភព៖ goal
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប