លំហែ៖ បច្ចុប្បន្ននេះ ការដើរលេងកម្សាន្តបែបផ្សងព្រេង ចូលព្រៃ ឡើងភ្នំ បោះតង់ គឺពិតជាពេញនិយមខ្លាំងណាស់ ជាពិសេសចំពោះយុវវ័យ ពួកគេចូលចិត្តដំណើរកម្សាន្តជាមួយមិត្តភក្ដិដើម្បីទទួលបានបទពិសោធន៍ថ្មីៗអស្ចារ្យ។ ជាការពិតណាស់ តាមរយៈអ្នកដែលធ្លាប់បានដើរកម្សាន្តបែបនេះកន្លងមកទទួលបានភាពសប្បាយរីករាយ ធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍ដល់អ្នកទេសចរណ៍ចង់ភ្លក់រសជាតិដើរលេងកម្សាន្តបែបនោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ដំណើរកម្សាន្តផ្សងព្រេង ជាបទពិសោធន៍ថ្មីមួយដែលទើបនឹងទទួលបានការចាប់អារម្មណ៍មួយរយៈពេលចុងក្រោយនេះ។ វាពិតជាទទួលបានការសប្បាយរីករាយក៏ពិតមែន ប៉ុន្តែការផ្សងព្រេងបែបនេះ ទាមទារការយកចិត្តទុកដាក់និងត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយជាមុន។
ជាក់ស្ដែងអ្នកដំណើរអាចនឹងជួបឧបសគ្គផ្សេងៗដែលមិនអាចគិតដល់ ពេលខ្លះវាអាចធ្វើឲ្យ ដំណើរកម្សាន្ត របស់អ្នកមិនពេញលេញ ខ្វះមុខខ្វះក្រោយ សប្បាយមិនអស់ដៃ។ ដូចនេះ គន្លឹះដែលសំខាន់ខាងក្រោមនេះនឹងជួយឲ្យ ដំណើរកម្សាន្ត របស់ប្រិយមិត្តប្រព្រឹត្តិទៅយ៉ាងរលូន។
១. ត្រៀមសម្ភារៈ
- ចំពោះសម្លៀកបំពាក់រៀបចំល្មមៗ ជ្រើសយកតែខោអាវណាដែលស្រួលពាក់និងស្រួលបត់ កុំភ្លេចត្រៀមភួយ ព្រោះពេលយប់នៅក្នុងព្រៃឬនៅលើភ្នំត្រជាក់ខ្លាំង។
- រៀបចំថ្នាំសង្កូវ របស់ប្រើប្រាស់សំខាន់ៗដូចជាថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន កន្សែងជូតខ្លួន ជាពិសេសត្រូវត្រៀមថ្នាំលាបការពារសត្វល្អិតតោង។
- ត្រៀមឆ្នាំងនិងចានសម្រាប់ដាំបាយធ្វើម្ហូប ត្រៀមម្ហូបសម្រាប់ដាក់យកទៅបរិភោគឲ្យបានគ្រប់គ្រាន់ យល់ល្អទិញមីកំប៉ុង និងគ្រឿងកំប៉ុងយកទៅ។
- ត្រៀមប្រដាប់បញ្ចូលថ្មទូរស័ព្ទឲ្យបានគ្រប់គ្រាន់ ព្រោះដឹងស្រាប់ហើយនៅក្នុងព្រៃគ្មានអគ្គិសនីទេ។
- ត្រៀមចិត្តត្រៀមកាយនឹងភាពហត់នឿយ បើសិនជាអ្នកខ្លាចភាពហត់នឿយ អ្នកមិនអាចដើរកម្សាន្តតាមព្រៃភ្នំបាននោះទេ។
២. ស្គាល់ភូមិសាស្ត្រជាមុន
ជាការពិតណាស់ អ្នកមិនអាចទៅណាដោយគ្មានគោលដៅនោះទេ ដែលសំខាន់អ្នកត្រូវរកអ្នកស្គាល់ឬឆ្លងកាត់សហគមន៍នៅតំបន់នោះជាមុន។ អ្នកក៏មិនអាចប្រើ Google Map ដើម្បីបង្ហាញទិសដៅបានដែរ ពីព្រោះនៅក្នុងព្រៃភ្នំមិនមានសេវាទូរស័ព្ទនោះទេ។
៣. ឧបសគ្គ
ឧបសគ្គ គឺជារឿងដែលអ្នកដើរព្រៃគេចមិនផុតនោះទេ តែអ្វីដែលសំខាន់នោះគឺយើងត្រូវត្រៀមខ្លួនជាមុន និងដឹងអំពីឧបសគ្គដែលយើងនឹងត្រូវជួបប្រទះ។
- អាកាសធាតុ ៖ ជារឿងដែលយើងត្រូវគិតជាមុន អ្នកត្រូវឆែកមើលសិនថា អាកាសធាតុអំណោយផលសម្រាប់ដំណើរកម្សាន្តដែរឬទេ។
- ភ្លៀង ៖ បើសិនជាឆែកមើលហើយ ប៉ុន្តែយើងមិនគួរប្រហែសនោះទេ ត្រៀមប្លាស្ទិចធំៗសម្រាប់គ្របពីលើតង់ដើម្បីកុំឲ្យលេចទឹកនៅពេលមានភ្លៀងធ្លាក់ដោយមិនដឹងខ្លួន។
- សត្វ ៖ ទីណាមានធម្មជាតិទីនោះមានសត្វ ប៉ុន្តែយើងសម្ដៅដល់សត្វតូចៗដែលវាអាចមករំខានយើង ដូចនេះអ្នកត្រូវមានថ្នាំលាបខ្លួនដើម្បីការពារកុំឲ្យសត្វល្អិតតោងឬមកជិតខ្លួនបាន។
- ការបន្ទោបង់ ៖ យើងត្រូវមានកូនចបមួយសម្រាប់ទុកជីកនៅពេលបន្ទោបង់ ហើយកុំភ្លេចក្រដាសយកសើមទៅផង ដើម្បីអនាម័យកុំឲ្យមានជម្ងឺឈឺថ្កាត់។
បន្ទាប់ពីអ្នកបានយល់ច្បាស់ពីចំណុចសំខាន់ៗខាងលើនេះហើយ លោកអ្នកអាចធ្វើដំណើរកម្សាន្តចូលព្រៃ ឡើងលើភ្នំ បោះតង់ បានយ៉ាងមានក្ដីសុខ ដោយមិនបាច់ខ្វល់ខ្លាចខ្វះមុខខ្វះក្រោយនោះទេ៕
រូបភាពដោយ ៖ Chhom Sokun Dara