អាហារ៖ ត្រប់វែង គឺជាបន្លែ ដែលភាគច្រើនគេយកធ្វើជាអន្លក់បន្ទាប់បន្សំជាមួយមុខម្ហូបផ្សេងៗ ត្រប់វែង អាចយកទៅឆាជាមួយសាច់ជ្រូកចិញ្ច្រាំបានជាម្ហូបមួយមុខផងដែរ។ អ្នកប្រហែលជាមិនដែលចាប់អារម្មណ៍ទេថា ត្រប់វែង អាចយកទៅបំពងជាមួយម្សៅបានយ៉ាងឆ្ងាញ់ ជាពិសេសមិនត្រឹមតែបំពងធម្មតានោះទេ គឺផ្សំគ្រឿងជាមួយសាច់ជ្រូកចិញ្ច្រាំទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ត្រប់វែង
២. សាច់ជ្រូកចិញ្ច្រាំ
៣. ស្ករស ម្សៅស៊ុប អំបិល
៤. ស្លឹកខ្ទឹម ហាន់ឲ្យម៉ត់
៥. ម្រេចម៉ត់
៦. ម្សៅបំពង
គ្រឿងផ្សំទាំងអស់អាចលីលកបានតាមចំណង់ចំណូលចិត្ត
របៀបធ្វើ៖
១. យកត្រប់វែងមកហាន់ជាចំណិតៗល្មម ហើយវះវាជាពីរសម្រាប់ទុកកន្លែងដាក់សាច់ចិញ្ច្រាំចូលដូចរូប។
២. យកសាច់ជ្រូកចិញ្ច្រាំ មកដាក់គ្រឿងចូល ស្ករស ម្សៅស៊ុប អំបិល ម្រេចម៉ត់ បន្ទាប់មកលាយគ្នាឲ្យរលាយគ្រឿងចូលគ្នាអស់ រួចដាក់ស្លឹកខ្ទឹមចូលលាយឲ្យសព្វ។
៣. យកម្សៅបំពងមកចាក់ដាក់ចានធំមួយហើយចាក់លាយទឹកឲ្យល្មម មិនរាវពេកមិនខាប់ពេក បន្ទាប់មកយកសាច់ចិញ្ច្រាំទាំងនោះទៅញាត់ចូលក្នុងចំណិតត្រប់វែង ហើយដាក់ចូលខ្ទះបំពងភ្លាមៗធ្វើបែបនេះរហូតដល់អស់គ្រឿង។
៤. ពេលបំពងឆ្អិនល្អហើយ ស្រង់ចេញឲ្យស្រោះខ្លាញ់ បន្ទាប់មកអ្នកអាចញុំា ត្រប់វែងស្នូលសាច់បំពង ជ្រលក់ជាមួយទឹកម្ទេសបានយ៉ាងឆ្ងាញ់មាត់។
ប្រភព៖ Jee Jee