កម្សាន្ដ៖ ជាការពិតណាស់ មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានស្គាល់រួចមកហើយ អំពីកីឡាការិនី ស្នូកឃ័រ និងប៊ីយ៉ា ស្រួង ភាវី ដែលដណ្ដើមបានមេដាយមាស និងមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ ហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីរូបនេះ បានធ្វើឲ្យប្រជាជនខ្មែរទាំងមូល មានមោតកភាព ថែមទាំងស្ងើចសរសើរនាង ព្រោះតែថវិកា ដែលនាងទទួលបានពីការប្រកួតទាំងប៉ុន្មាន គឺនាងយកប្រាក់របស់នាងទាំងអស់ យកទៅចូលមូលនិធិ ធ្វើសប្បុរសធម៌ ទៅដល់ក្មេងៗក្រីក្រ នៅក្នុងមណ្ឌលកុមារកំព្រា ត្រូវការជំនួយចាំបាច់ ក្នុងការស្វែងរកការរៀនសូត្រ ក្រេបយកចំណេះដឹង ទៅអនាគតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនី ចិត្តធម៌រូបនេះ បានបង្ហោះរូបភាព អមជាមួយសំណេយ៉ាងល្អ ប្រសើរ នៅក្នុងគណនីផេកផ្លូវការ របស់នាងយ៉ាងដូច្នេះថា៖ «សូមជម្រាបពុកម៉ែបងប្អូន! នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។ ការចុះកុងត្រានេះខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេ គឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។ គឺថាប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡើយ»។
លើសពីនេះ នាងបានបន្ដទៀតថា «ការស្នើលក្ខខណ្ឌរបស់នាងខ្ញុំនេះ គឺបានខាងក្រុមហ៊ុនទទួលយល់ព្រមដោយសេចក្ដីសោមនស្សរីករាយទាំងអស់គ្នា។ ខ្ញុំមានខ្លួនតែមួយ រាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទេីបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង»។
យ៉ាងណាមិញ ក៏មានមហាជន និងបងប្អូននិយមប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាបញ្ចេញមតិ ថ្លែងអំណរគុណ ត្រេកអរ ដោយក្ដីគោរព និងគាំទ្រនូវទឹកចិត្តដ៏ល្អប្រពៃមហិមា និងជាទឹកចិត្តដែលនឹងកម្ររកបាន ទៅដល់កីឡាការិនី ចិត្តធម៌ អ្នកនាង ស្រួង ភាវី ជាខ្លាំងចំពោះការលះបង់យ៉ាងខ្ពស់ សម្រាប់ការរួមចំណែកជួយដល់សង្គមជាតិខ្មែរមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖