បរទេស៖ ខ្សែការពារកណ្តាលរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Harry Maguire បានលើកឡើងថា គាត់ពិតជាខកចិត្តខ្លាំងណាស់ បន្ទាប់ពីក្លិបសម្រេចដកតំណែងប្រធានក្រុមរបស់គាត់ចេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Maguire គឺត្រូវបាន Man UTD ទិញយកពីក្រុម Leicester City កាលពីឆ្នាំ ២០១៩ កន្លងទៅ ហើយក្រោយរួមរស់បានមួយរដូវកាល ដោយនៅឆ្នាំ ២០២០ ខ្សែការពារសញ្ជាតិ អង់គ្លេស រូបនេះក៏ត្រូវបានក្លិបតែងតាំងជាប្រធានក្រុមថ្មី។
ប៉ុន្តែឥឡូវនេះ Man UTD គឺបានដកសិទ្ធ Maguire ជាប្រធានក្រុមវិញហើយ ដោយសារតែកំលុងពេល ២ រដូវកាលចុងក្រោយនេះរូបគេបង្ហាញសមត្ថភាពមិនបានល្អ និងតែងតែទទួលបាននូវពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រជារឿយ។
ក្រោយក្លិបដកសិទ្ធគេជាប្រធានក្រុមបែបនេះ, Maguire បានបង្ហោះសារនៅលើគណនី Twitter ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖
បន្ទាប់ពីពិភាក្សាជាមួយអ្នកគ្រប់គ្រងនៅថ្ងៃនេះរួចមក គាត់គឺបានជូនដំណឹងមកខ្ញុំ ថាគាត់គឺកំពុងដកតំណែងជាប្រធានក្រុមរបស់ខ្ញុំចេញហើយ។ គាត់បានបញ្ជាក់ពីហេតុផលរបស់គាត់មកកាន់ខ្ញុំ ហើយសម្រាប់ខ្ញុំផ្ទាល់ខ្លួនគឺពិតជាខកចិត្តខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនឹងនៅតែបន្តផ្តល់ជូននូវអ្វីដែលខ្ញុំមានទៅឱ្យក្លិបដដែល គ្រប់ពេលដែលខ្ញុំពាក់អាវមួយនេះ៕

ប្រភព៖ ESPN FC