បរទេស៖ ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Jude Bellingham បច្ចុប្បន្ននេះបានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងលោក នេះបើតាមការចេញទិន្នន័យដោយស្ថាប័ន CIES Football Observatory។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ អាចថាវាមិនមែនជារឿងភ្ញាក់ផ្អើលប៉ុន្មាននោះទេ ដែល Bellingham មានតម្លៃខ្លួនហាក់ឡើងកូដខ្លាំង រហូតជាប់លេខ ១ នៅក្នុងតារាងចំណាត់ក្នុងចំណោមកីឡាករឆ្នើមៗនៅលើពិភពលោកបែបនេះ ព្រោះថាខ្សែបម្រើប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះ កំពុងតែធ្វើបានយ៉ាងល្អនៅ Real Madrid ខណៈក្នុងការបង្ហាញខ្លួន ២២ ប្រកួតគ្រប់កម្មវិធីកន្លងមក រូបគេរកបានគ្រាប់បាល់សរុបបានចំនួន ១៧ គ្រាប់។
យោងតាមការបង្ហាញទិន្នន័យដោយស្ថាប័ន CIES Football Observatory គឺ Bellingham ឥឡូវនេះកំពុងឈរនៅតំណែងទី ១ ក្នុងនាមជាអ្នកដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុត ពោលគឺចំនួន ២៣០ លានផោន ឬប្រមាណជា (២៩២ លានដុល្លារអាមេរិក)។
ដោយឡែកកីឡាករផ្សេងទៀត គឺ Erling Haaland របស់ Manchester City ឈរនៅលេខរៀងទី ២ មានតម្លៃខ្លួនបច្ចុប្បន្នចំនួន ២១៦.៧៣ លានផោន ឬប្រមាណជា (២៧៥.៧៨ លានដុល្លារអាមេរិក), ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Vinicius Jr របស់ Real Madrid ឈរនៅលេខរៀងទី ៣ មានតម្លៃខ្លួនបច្ចុប្បន្នចំនួន ២១៥.៩៦ លានផោន ឬប្រមាណជា (២៧៤.៨០ លានដុល្លារអាមេរិក)។


Rodrygo របស់ Real Madrid ដដែល ឈរនៅលេខរៀងទី ៤ មានតម្លៃខ្លួនចំនួន ២១៣.៨៩ លានផោន ឬប្រមាណជា (២៧២.១៧ លានដុល្លារអាមេរិក) និងអ្នកឈរនៅលេខរៀងទី ៥ គឺ Bukayo Saka របស់ Arsenal ដោយរូបគេគឺមានតម្លៃខ្លួនចំនួន ១៩២ លានផោន ឬប្រមាណជា (២៤៤.៣២ លានដុល្លារអាមេរិក)។


ប្រភព៖ Sportbible