កម្ពុជា៖ ទីបំផុតប្រដាល់គុនខ្មែរមានរឿងថ្មី ដែលត្រូវតាមដានទៀតហើយ បន្ទាប់ពីលោកគ្រូពេជ្រ សុផាន់ បានប្រកាសជូនតាមសំណូមពរកូនសិស្សលោកគ្រូបឺត ខាំ កីឡាករ ខាំ កូនខ្លា ដែលមានមហច្ចតាចង់ជួបក្របីព្រៃមុខតាន់ ពេជ្រ សម្បត្តិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពីប្រដាល់គុនខ្មែរបច្ចុប្បន្ន នរណាៗក៏ស្គាល់ដែរ អំពីកិត្តិនាមរបស់ពេជ្រ សម្បត្តិ ជាពិសេសមិនត្រឹមតែប្រជាជនខ្មែរនោះទេ សូម្បីជនបរទេសមួយចំនួនក៏បានស្គាល់អំពីឈ្មោះរបស់កូនសិស្សលោកគ្រូពេជ្រ សុផាន់រូបនេះដែរ។
ដោយសារតែសមត្ថភាពដ៏លេចធ្លោររបស់ សម្បត្តិ បែបនេះហើយ ធ្វើឱ្យមួយរយៈចុងក្រោយនេះ មានកីឡាករជាច្រើនទាំងខ្មែរ និងបរទេស បានបង្ហាញមហិច្ចតាចង់ជួបរូបគេ ដើម្បីសុំសាកថ្វីដៃ ខណៈថ្មីៗនេះ ខាំ កូនខ្លា បានក្លាយជាកីឡាករម្នាក់ទៀត ដែលមានបំណងចង់សុំ សម្បត្តិ សាកថ្វីដៃនៅលើសង្វៀនផងដែរ។

យ៉ាងណាមិញ លោកពេជ្រ សុផាន់ ដែលជាគ្រូរបស់ សម្បត្តិ ផ្ទាល់ គឺមិនបានជំទាស់លើរឿងនេះនោះទេ ដោយលោកបានជូនតាមសំណូមពរចំពោះមហិច្ចតារបស់ ខាំ កូនខ្លា ហើយមិនត្រឹមតែប៉ុណ្ណោះលោកគ្រូថែមទាំងមានភាពជឿជាក់ខ្ពស់ ដោយហ៊ានតឱ្យ កូនខ្លា ពីរនាក់មិត្តរួមក្លិបរបស់គេកីឡាករ ទូច ដេវីត ប្រកួត ២ ទល់នឹង ១ ជាមួយនឹង សម្បត្តិ ទៀតផង ដោយឡែកលក្ខខណ្ឌវិញ គឺលោកគ្រូសុំវាយក្នុងទម្រង់ហ្គង់តូចចេញម្រាម (MMA)។
ជុំវិញជំនួបខាងលើ ហាក់មានតម្រុយខ្លះហើយ ថាការប្រកួតនេះអាចនឹងកើតឡើងមែន បន្ទាប់ពីលោកគ្រូពេជ្រ សុផាន់ បានបង្ហើបតម្រុយខ្លះៗនៅលើផេករបស់លោកគ្រូផ្ទាល់នាវេលាព្រឹកនេះ និងមានការបង្ហើបខ្លះៗពីលោកគ្រី ពីឡុត ដែលជាពិធីករប្រចាំស្ថានីយទូរទស្សន៍ ហង្សមាស កាលពីម្សិលមិញផងដែរ។
