DKT Mekong បានរៀបចំវេទិកាស្តីពីសុខភាពផ្លូវភេទនិងសុខភាពបន្តពូជនៅកម្ពុជាដោយជោគជ័យ

//s9.kh1.co/e9/e9befbdf85c66b9328bcf84e2fa0478dcbf0d9b0.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២៤ ១ល្ងាច · មួយថ្ងៃមុន

ព្រឹត្តិការណ៍ «តោះ! នាំគ្នានិយាយអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ» បានប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗពីផ្នែកថែទាំសុខភាព និង SRHR សម្រាប់កិច្ចពិភាក្សា និងការចែករំលែកចំណេះដឹង

ភ្នំពេញ DKT Mekong ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិឈានមុខគេ បានរៀបចំវេទិកាស្តីពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ (SRHR) ដោយជោគជ័យ កាលពីថ្ងៃច័ន្ទ ទី១៤ ខែតុលា នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ «តោះ! នាំគ្នានិយាយអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ» បានប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗពីផ្នែកថែទាំសុខភាព និង SRHR សម្រាប់កិច្ចពិភាក្សា និងការចែករំលែកចំណេះដឹង ហើយក៏ជាពិធីប្រារព្ធដើម្បីសម្ពោធជាផ្លូវការនៃវត្តមានអង្គការ DKT Mekong ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ព្រឹត្តិការណ៍សម្ពោធនេះបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់អង្គការ DKT ក្នុងការក្លាយជាអ្នកផ្តល់សេវាតែមួយគត់ នៃដំណោះស្រាយសុខភាពបន្តពូជដ៏ទូលំទូលាយ។ រាប់ចាប់តាំងពីការផ្តល់វិធីសាស្ត្រពន្យារកំណើតរយៈពេលខ្លី មានដូចជា ស្រោមអនាម័យ ថ្នាំពន្យាកំណើតលេបតាមមាត់ ថ្នាំពន្យារកំណើតជាបន្ទាន់ រហូតដល់វិធីសាស្ត្រពន្យារកំណើតដែលមានសុពលភាពយូរអង្វែង មានដូចជា ឧបករណ៍កងដាក់ក្នុងស្បូន (IUD) និងការផ្សាំ ក៏ដូចជាការរំលូតកូនដោយសុវត្ថិភាពតាមរយៈការរំលូតតាមវេជ្ជសាស្រ្ដ និងការប្រើឧបករណ៍បូមដោយដៃ (MVA) ដើម្បីបំពេញតម្រូវការនិងបំណងប្រាថ្នាដ៏សម្បូរបែបរបស់បុគ្គលឯកជននិងសហគមន៍។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ក្នុងវេទិកានេះ វាគ្មិនទាំងអស់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលអាចទទួលបានក្នុងតម្លៃសមរម្យ និងប្រកបដោយគុណភាព រួមទាំងការពន្យារកំណើត ការរំលូតកូនដោយសុវត្ថិភាព និងការការពារជំងឺកាមរោគនានា (STIs) រួមទាំងមេរោគអេដស៍ (HIV) ផងដែរ។ ពួកគេក៏បានលើកឡើងពីតម្រូវការសម្រាប់ការអប់រំផ្លូវភេទដ៏ទូលំទូលាយ ដើម្បីផ្តល់សិទ្ធិអំណាចដល់អ្នកគ្រប់ៗរូប ដើម្បីធ្វើការជ្រើសរើសការបន្តពូជប្រកបដោយចំណេះដឹង។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោក Rodrigo Portugues នាយកប្រតិបត្តិប្រចាំតំបន់របស់អង្គការ DKT Mekong បានលើកឡើងយ៉ាងច្បាស់ក្នុងសេចក្ដីថ្លែងសុន្ទរកថារបស់លោកថា ៖  

ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកអ្នកជំនាញ និងបុគ្គលិកដែលមានបទពិសោធន៍របស់យើងមកកាន់ប្រទេសកម្ពុជា ហើយរួមចំណែកក្នុងការកែលម្អទិដ្ឋភាពសុខភាពបន្តពូជក្នុងប្រទេស។ ខ្ញុំពិតជាពេញចិត្តក្នុងការសម្របសម្រួលផលិតផលរបស់យើងជាមួយនឹងអ្នកផ្គត់ផ្គង់ដែលគួរឱ្យទុកចិត្ត ហើយបង្កើតម៉ាកផលិតផលដែលគួរឱ្យចាប់អារម្មណ៍ មានដូចជាផលិតផលស្រោមអនាម័យ និងថ្នាំពន្យាកំណើតជាដើម។ យើងមិនមែននិយាយអំពីការអភិរក្សនោះទេ តែយើងសំដៅលើការបំបែករបាំងរារាំងនានា ដើម្បីឱ្យការសន្ទនាមានសភាពធម្មតា នៅជុំវិញប្រធានបទ SRH ហើយនឹងធ្វើឱ្យព័ត៌មាន និងការចូលប្រើកាន់តែងាយស្រួល និងប្រែក្លាយការរួមភេទប្រកបដោយសុវត្ថិភាពទៅជាជម្រើសដ៏រីករាយ គួរឱ្យរំភើប និងអាចធ្វើទៅបានសម្រាប់មនុស្សគ្រប់គ្នា។

លោក Rodrigo Portugues នាយកប្រតិបត្តិប្រចាំតំបន់របស់អង្គការ DKT Mekong
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ក្នុងចំណោមវាគ្មិនកិត្តិយសផ្សេងទៀត ក៏មានវត្តមាន ឯកឧត្តមសាស្ត្រាចារ្យ គាន់ អូន ប្រធានសមាគម CAGE និងជាប្រធាននាយកដ្ឋានរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានលើកឡើងពីតួនាទីសំខាន់នៃសុខភាពផ្លូវភេទ និងសុខភាពបន្តពូជក្នុងសុខុមាលភាពទូទៅផងដែរ។ លោកសាស្ត្រាចារ្យបានកត់សម្គាល់ថា ៖ 

សុខភាពផ្លូវភេទ និងសុខភាពបន្តពូជល្អ គឺជាស្ថានភាពនៃសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងសង្គមក្នុងគ្រប់បញ្ហាដែលទាក់ទងនឹងប្រព័ន្ធបន្តពូជ។ វាអនុញ្ញាតឱ្យមនុស្សមានជីវិតផ្លូវភេទដែលពេញចិត្ត និងមានសុវត្ថិភាព សមត្ថភាពក្នុងការបន្តពូជ និងសេរីភាពក្នុងការសម្រេចចិត្តថា តើត្រូវធ្វើនៅពេលណា និងញឹកញាប់ប៉ុណ្ណា។

ឯកឧត្តមសាស្ត្រាចារ្យ គាន់ អូន ប្រធានសមាគម CAGE និងជាប្រធាននាយកដ្ឋានរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ចំណែកឯ លោក វិចិត្រ ហេង នាយកគ្រប់គ្រង និងស្ថាបនិកក្រុមហ៊ុន MEET HENG (Cambodia) LTD ដែលជាក្រុមហ៊ុនចែកចាយឱសថឈានមុខគេនៅកម្ពុជា ហើយមានកិច្ចសហការផ្ទាល់ជាមួយអង្គការ DKT Mekong ផងនោះ បានសង្កត់ធ្ងន់លើតម្លៃនៃភាពជាដៃគូក្នុងការពង្រីកលទ្ធភាព ទទួលបានសេវាសុខភាពបន្តពូជ ថា ៖ 

ពួកយើងរួមគ្នាជាមួយ DKT Mekong ដើម្បីអាចផ្តល់នូវជម្រើស និងជំនួយវិធីសាស្ត្រពន្យារកំណើតយ៉ាងទូលំទូលាយដល់ស្ត្រី និងបុរសទូទាំងប្រទេសកម្ពុជា។

លោក វិចិត្រ ហេង នាយកគ្រប់គ្រង និងស្ថាបនិកក្រុមហ៊ុន MEET HENG (Cambodia) LTD 

ដោយធ្វើការក្នុងនាមជាដៃគូជាមួយនឹងអង្គការ DKT Mekong នៅកម្ពុជាផងដែរនោះ ក្រុមហ៊ុន DKSH Cambodia ក៏បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះ និងបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងបន្តពូជនៅកម្ពុជាដូចគ្នាដែរ។ 

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោកស្រី ស្រ៊ុន ម៉ាលីន អ្នកតំណាងឲ្យក្រុមហ៊ុន DKSH Cambodia និងជានាយកគ្រប់គ្រងទូទៅផ្នែកលក់ និងប្រតិបត្តិការ បានលើកឡើងថា ៖

ភាពជាដៃគូរបស់យើងជាមួយអង្គការ DKT Mekong នឹងអនុញ្ញាតឱ្យយើងផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាពសម្រាប់សុខភាពបន្តពូជ និងការធ្វើផែនការគ្រួសារ។

លោកស្រី ស្រ៊ុន ម៉ាលីន អ្នកតំណាងឲ្យក្រុមហ៊ុន DKSH Cambodia

វេទិកានេះក៏ត្រូវបានរួមបញ្ចូលដោយវគ្គ សំណួរ-ចម្លើយ ដ៏គួរឱ្យចាប់អារម្មណ៍ ដែលអ្នកចូលរួមបានលើកឡើងពីឱកាសដើម្បីបង្កើនលទ្ធភាពទទួលបានផលិតផលសុខភាពបន្តពូជ ដែលមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្ត។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

សារៈសំខាន់ជាពិសេសចំពោះការពិភាក្សា គឺបញ្ហាប្រឈមដែលបង្ហាញដោយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដែលធ្វើឱ្យវាកាន់តែមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណផលិតផលដែលមានការចុះបញ្ជីគុណភាពនៅលើទីផ្សារ និងសារៈសំខាន់នៃកិច្ចសហការ ការពង្រឹងតម្លៃនៃភាពជាដៃគូដែលអាចជឿទុកចិត្តបានរវាង អង្គការ DKT Mekong ជាមួយនឹង DKSH Cambodia និង MEET HENG (Cambodia) LTD ក្នុងការពង្រីកលទ្ធភាពទទួលបានដំណោះស្រាយសុខភាពបន្តពូជដែលមានតម្លៃសមរម្យនិងគួរឱ្យទុកចិត្ត។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

វេទិកា​នេះ​គឺជាភស្តុតាង​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ និង​ជា​ការ​ចាប់​ផ្តើម​ជំពូក​ថ្មី​មួយ​ សម្រាប់​តំបន់មេគង្គ។ ក្នុងប៉ុន្មានខែខាងមុខនេះ អង្គការនឹងផ្តោតលើការពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូជាមួយអ្នកជំនាញថែទាំសុខភាព និងអ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀត ដើម្បីកែលម្អលទ្ធផលសុខភាពបន្តពូជនៅក្នុងសហគមន៍ចម្រុះ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

តាមរយៈការចូលរួមនិងទទួលបានគំនិតផ្តួចផ្តើមជាច្រើន អង្គការ DKT Mekong នឹងបន្តផ្តល់នូវផលិតផលសុខភាពបន្តពូជដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ តាមរយៈវេទិកាចម្រុះនានា។ សម្លឹងឆ្ពោះទៅមុខ អង្គការ DKT Mekong នឹងបន្តគាំទ្រដល់ការធ្វើដំណើររបស់ព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកសុខភាពបន្តពូជកាន់តែប្រសើរឡើង សម្រាប់ទាំងអស់គ្នា ដោយអនុវត្តជំនាញនិងបទពិសោធន៍ដ៏ទូលំទូលាយរបស់ខ្លួន៕

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T