បរទេស៖ អ្នកចាត់ការលោក Ruben Amorim ត្រូវបានគេរាយការណ៍ថា បានដាក់ការស្នើសុំទៅកាន់ថ្នាក់លើរបស់ក្លិបបិសាចក្រហម Manchester United ដើម្បីតាមចុះកុងត្រាយកកីឡាករឆ្នើម ៣ នាក់មកពង្រឹងក្រុមនៅទីផ្សារដោះដូរកីឡាករខែ មករា ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ លោក Amorim ដែលបច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំ គឺបានចូលកាន់តំណែងនៅ Man UTD ជំនួសលោក Erik ten Hag កាលពីខែមុន ប៉ុន្តែក្នុងការចាប់ផ្តើមអាជីពក្នុងរដូវកាលដំបូងជាមួយក្រុមបិសាចក្រហម បុរសសញ្ជាតិ ព័រទុយហ្គាល់ រូបនេះហាក់ដឹកនាំពុំទាន់ទទួលបានលទ្ធផលល្អប៉ុន្មាននៅឡើយទេ ដោយ ៩ ប្រកួតកន្លងមក លោកគឺទទួលបានលទ្ធផលឈ្នះ ៤ ចាញ់ ៤ និងស្មើ ១។
យ៉ាងណាមិញ បន្ទាប់ពី Man UTD បានចាញ់ការប្រកួតក្នុងដីទល់នឹងក្រុម Bournemouth ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី ២២ ខែ ធ្នូយប់មិញ បានឱ្យលោក Amorim កំពុងតែគិតគូចង់នាំចូលតារាឆ្នើម ៣ នាក់នៅ ខែ មករា ខាងមុខ ដើម្បីបំពេញចន្លោះខ្វះខាត ដែលក្រុមកំពុងជួបប្រទះ។
ក្នុងនោះយោងតាមការចុះផ្សាយដោយសារព័ត៌មាន El Nacional បានឱ្យដឹងថា កីឡាករទាំង ៣ នាក់ ដែលលោក Amorim បានស្នើសុំទៅថ្នាក់លើក្លិប ដើម្បីទិញចូលមកកាន់ទឹកដី Old Trafford រួមមានខ្សែប្រយុទ្ធរបស់ Napoli ដែលកំពុងខ្ចីជើងទៅ Galatasaray កីឡាករ Victor Osimhen, ខ្សែការពាររបស់ Barcelona កីឡាករ Ronald Araujo និងខ្សែបម្រើកំពុងឡើងជើងរបស់ Southampton កីឡាករ Tyler Dibling។
គួរបញ្ជាក់ថា កីឡាករទាំង ៣ នាក់ខាងលើ គឺមានតម្លៃសរុបចូលគ្នាចំនួន ២០០ លានអឺរ៉ូ ឬប្រមាណជា (២០៨ លានដុល្លារអាមេរិក)៕
ប្រភព៖ Sportbible