កម្ពុជា៖ នៅរសៀលថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ ក្លិបបាល់ទាត់ធំៗរបស់ កម្ពុជា ពីរ គឺបឹងកេត និងភ្នំពេញក្រោន បានប្រកាសពីសមាសភាពកីឡាករបរទេសថ្មីដូចគ្នា ដើម្បីត្រៀមការប្រកួតបន្តបន្ទាប់ទៀតសម្រាប់រដូវកាល ២០២៤-២០២៥ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ក្លិប ភ្នំពេញក្រោន គឺកីឡាករចំណូលថ្មី ដែលពួកគេទើបតែប្រកាសជាផ្លូវការនោះ មានឈ្មោះថា Park Yi-young សញ្ជាតិ កូរ៉េខាងត្បូង ដែលលេងតួនាទីជាខ្សែការពារកណ្តាល។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះធ្លាប់មានបទពិសោធន៍លេងនៅក្លិប FC St. Pauli ក្នុងក្របខណ្ឌលីគទី ២ របស់អាល្លឺម៉ង់ ចន្លោះពីឆ្នាំ ២០១៧ ដល់ ២០១៩ ប៉ុន្តែបច្ចុប្បន្នក្លិបមួយនេះ គឺត្រូវបានតម្លើងមកកាន់លីគកំពូល អាល្លឺម៉ង់ Bundesliga ហើយ។ លុះក្រោយមកទៀត រូបគេក៏បានខ្ចីជើងទៅកាន់ក្លិប Türkgücü München ក្នុងលីគទី ៦ អាល្លឺម៉ង់ មុនពេលផ្លាស់ទៅក្លិប Kaya-Iloilo ក្នុងលីគកំពូល ហ្វ៊ីលីពីន និងចុងក្រោយនេះក៏បានផ្លាស់មកកាន់ក្លិប ភ្នំពេញក្រោន របស់កម្ពុជា។
ក្រឡេកទៅមើលក្លិប បឹងកេត វិញ នៅថ្ងៃនេះ ពួកគេក៏បានប្រកាសសមាសភាពកីឡាករបរទេសថ្មីដែរ ដោយកីឡាកររូបនោះ គេមានឈ្មោះថា Alexander Baker វ័យ ២៣ ឆ្នាំ លេងតួនាទីជាខ្សែការពារកណ្តាល។
ខ្សែការពារសញ្ជាតិ អូស្ត្រាលី កម្ពស់ ១.៨៧ ម៉ែត្រ រូបនេះ គេធ្លាប់មានបទពិសោធន៍លេងនៅក្លិបលីគទី ២ របស់ អូស្ត្រាលី និងអ៊ីស្លង់ ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៤ មុនពេលផ្លាស់ទៅកាន់ក្លិប Alay Osh ក្នុងលីគកំពូលរបស់ កៀហ្ស៊ីស៊ី និងចុងក្រោយនេះផ្លាស់មកកាន់ក្លិប បឹងកេត របស់កម្ពុជា៕