បរទេស៖ ថ្មីៗនេះខ្សែបម្រើ Paul Pogba បានបង្ហោះចែករំលែករូបមួយសន្លឹក និងពាក្យ ៤ ម៉ាត់នៅលើបណ្តាញសង្គម ដែលកំពុងធ្វើឱ្យគេសង្ស័យ ថាគាត់អាចត្រឡប់មកកាន់ទ្រនំចាស់ Manchester United ជាលើកទី ៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Pogba បច្ចុប្បន្នគឺមិនទាន់មានក្លិបថ្មីលេងនៅឡើយទេ បន្ទាប់ពីរូបគេត្រូវបានក្លិប Juventus ផ្តាច់កុងត្រាចាស់ចោល ក្រោយគាត់ជាប់បម្រាមមិនឱ្យលេងបាល់ទាត់រយៈពេល ១៨ ខែ ដោយសារមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន។
យ៉ាងណាមិញ ក្រោយទទួលបានភ្លើងខៀវឱ្យចូលលេងបាល់ទាត់ឡើងវិញ នៅក្នុងខែ មីនា ឆ្នាំ ២០២៥ ខាងមុខនេះ ឥឡូវនេះខ្សែបម្រើសញ្ជាតិ បារាំង វ័យ ៣១ ឆ្នាំកំពុងត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ ដូចជា Marseille, Manchester City និង Corinthians ជាដើម។
ប៉ុន្តែកាលពីយប់ថ្ងៃ ចន្ទ ម្សិលមិញនេះ ស្រាប់តែ Pogba បានចែករំលែករូបថ្លុកមួយ ដែលមានរូបរបស់គាត់ស្លៀកពាក់ឈុតរបស់ Man UTD និងខ្សែប្រយុទ្ធ Amad Diallo នៅលើបណ្តាញសង្គម ដែលនេះជាចំណុចមួយកំពុងធ្វើឱ្យគេសង្ស័យជាខ្លាំង ថាគាត់អាចត្រឡប់ទៅកាន់ទឹកដី Old Trafford ជាថ្មី។
មិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងបានបង្ហោះរូបខ្លួនឯងឈរមើលទៅក្រោម ពីលើអាគារខ្ពស់មួយអមជាមួយសំណេរថា "Let's see what coming" ឬមានន័យថា "រង់ចាំមើលថានឹងមានអ្វីកើតឡើង..." ដែលនេះកាន់តែធ្វើឱ្យគេសង្ស័យថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ យើងនឹងរង់ចាំមើលពីព័ត៌មានចុងក្រោយ ថាតើម្ចាស់ជើងឯក World Cup ២០១៨ រូបនេះ នឹងសម្រេចចិត្តផ្លាស់ទៅកាន់ក្លិបមួយណា មុនទីផ្សារដោះដូរកីឡាករខែ មករា នេះបិទបញ្ចប់៕
ប្រភព៖ Daily Mail