ភ្នំពេញ៖ កម្ពុជា ទទួលជំនួយពីជប៉ុនចំនួន ១លាន២៩ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងបោសសម្អាតមីន នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ដែលនៅសេសសល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ថវិកាជាង ៦៥ម៉ឺនដុល្លារ ផ្តល់សម្រាប់គម្រោងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១០០ហិកតា នៅខេត្តបន្ទាយមានជ័យ។ បើតាមការលើកឡើង លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាស្ថានទូតជប៉ុនប្រចាំកម្ពុជា។
គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការបញ្ជៀសពីហានិភ័យនៃគ្រាប់ មីនផងដែរ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។ ជាការឡើងបន្ត លោក អ៊ូអិណុ។
លោក អ៊ូអិណុ បានលើកឡើងបន្តទៀតថា ចំណែកថវិកាជាង ៦៤ម៉ឺនដុល្លារទៀត ផ្តល់សម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ២៤០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។
មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការបញ្ជៀសពីហានិភ័យនៃគ្រាប់ មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការ គ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។ តាមការបញ្ជាក់ លោកទូត។
គួរបញ្ជាកល់ថា ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លានដុល្លារ ដល់គម្រោងចំនួន១៦០ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)