ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឥតសំណងចំនួន ៤ ៤០០ ០០០ដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រការងារលុបបំបាត់គ្រាប់មីនរបស់អង្គភាព CMAC ចំនួន៧ ខេត្តរួមមាន៖ ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។
គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា មានថវិកាសរុបចំនួន ៤ ៤០០ ០០០ដុល្លារ សម្រាប់រយៈពេល ១២ខែ ពីថ្ងៃ១ ខែមីនា ២០២៥-២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាម មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
គម្រោងនេះនឹងគាំទ្រកិច្ចប្រតិបត្តិការនៅ ៧ខេត្ត រួមមាន៖ កំពង់ធំ, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ ព្រមទាំង មណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំង។ អ្នកជំនាញបច្ចេកទេសជាង ៤០០ នាក់ នឹងចូលរួមអនុវត្តបេសកកម្មសំខាន់ៗចំនួន ៤ រួមមាន៖
១-បោសសម្អាតផ្ទៃដី ចំនួនជាង ៣.៤០០ហិកតា ដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ។
២-ស្រាវជ្រាវ ព័ត៌មានអំពីគ្រាប់មីន, UXO និងគ្រាប់បែកចង្កោម។
៣-ពង្រឹងសមត្ថភាព វិទ្យាស្ថានបច្ចេកទេសសុនខ។
៤-ពង្រឹងការអប់រំ អំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងការសង្គ្រោះជនពិការដោយសារគ្រាប់មីន។
ជំនួយនេះ គឺជាឆ្នាំទី៣ នៃដំណាក់កាលទី៣ (មីនា ២០២៣-កុម្ភៈ ២០២៦) ដែលមានថវិកាសរុបចំនួន ១៣.២លានដុល្លារ។ បើតាមការឱ្យដឹងពី CMAC។
បើតាម CMAC បានឱ្យដឹងទៀតថា លទ្ធផលសំខាន់ៗចាប់ពីឆ្នាំ២០១៨ ដល់២០២៤ ត្រឹមខែធ្នូ ឆ្នាំ២០២៤ អង្គភាព CMAC បានសម្រេចលទ្ធផល រំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០ហិកតា, រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២.៨៤៤គ្រាប់។
ជាមួយគ្នានេះ ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦.៦៦៨សំណើ។ ក្នុងនោះ អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង១.៨៦៦.៧០០នាក់។ ជារួម ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២.៤៨៥.៣០០នាក់។
សូមជម្រាបថា សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាអាចបែងចែកជា ៥បញ្ហាសំខាន់គឺ
១-បញ្ហាគ្រាប់មីន៖ មានគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងគ្រាប់មីនប្រឆាំងយានយន្ត មានចំនួនប្រមាណ ៤-៦លានគ្រាប់
២-បញ្ហាគ្រាប់បែកចង្កោម៖ គ្រាប់បែកចង្កោមដែលទម្លាក់ក្នុងសង្គ្រាមមានចំនួនប្រមាណជាងមួយម៉ឺនទីតាំងមានបរិមាណគ្រាប់ចំនួនជាង ២៨លានគ្រាប់។
៣-បញ្ហាគ្រាប់ទម្លាក់ពីយន្តហោះ៖ មានចំនួនជាង២សែន៣ម៉ឺនទីតាំងមានទម្ងន់គ្រាប់បែកប្រមាណ៤.០៣ លានតោន
៤-បញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ៖ គ្រាប់កាំភ្លើងធំ គ្រាប់ប្រយុទ្ធថ្មើជើងផេ្សងៗ.... ជាដើម គ្មានព័ត៌មានច្បាស់លាស់ទេ
៥-បញ្ហាគ្រាប់បែកអាវុធគីមី៖ គ្រាប់បែកអាវុធគីមីទម្លាក់ពីយន្តហោះមួយចំនួន
បញ្ហាទាំង៥ នៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានេះ ស្ថិតក្រោមអនុសញ្ញាអន្តរជាតិមួយចំនួនដូចជា៖ ១.បញ្ហាគ្រាប់មីនប្រឆាំងមនុស្សស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស.. ២. បញ្ហាគ្រាប់បែកចង្កោម ស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមប្រើប្រាស់...គ្រាប់បែកចង្កោម និង៣. បញ្ហាអាវុធគីមី ស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ប្រើប្រាស់អាវុធគីមី។
កម្ពុជា ជារដ្ឋភាគីសម្រាប់អនុសញ្ញា២ ក្នុងចំណោម៣ គឺ៖ អនុសញ្ញាហាមប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស, អនុសញ្ញាហាមប្រើប្រាស់អាវុធគីមី។
គួរបញ្ជាក់ថា CMAC ទើបប្រកាសពីការផ្អាកសកម្មភាពមួយចំនួនបណ្ដោះអាសន្ន ក្រោយអាមេរិកផ្អាកជំនួយដល់អន្ដរជាតិតាមរយៈ USAID ៩០ថ្ងៃ ដែលក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ។
CMAC ផ្អាកកិច្ចប្រតិបត្តិការដោះមីនបណ្តោះអាសន្នរយៈពេល ៩០ថ្ងៃ តាមមូលដ្ឋាននៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង គិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥តទៅ ក្រោយសហរដ្ឋអាម៉េរិកផ្អាកផ្ដល់ជំនួយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)