បរទេស៖ ខ្សែប្រយុទ្ធរបស់ Benfica កីឡាករ Angel Di Maria បានលើកឡើងពីហេតុផលមួយចំនួន ដែលធ្វើឱ្យគាត់ហ៊ានសម្រេចចិត្តនិយាយថា Lionel Messi គឺល្អជាង Cristiano Ronaldo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Di Maria ត្រូវបានគេរាប់ថា ជាកីឡាករដ៏សំណាងម្នាក់ ដែលបានលេងនៅលើទីលានទាំងជាមួយកំពូលកីឡាករ Leo Messi និង Ronaldo ដោយរូបគេបានលេងជាមួយ M10 នៅក្រុមជម្រើសជាតិ អាហ្សង់ទីន និង PSG និង CR7 នៅ Real Madrid។
Ronaldo និង Messi តែងតែត្រូវបានគេយកមកប្រៀបធៀបគ្នាជាញឹកញាប់ ដោយសារតែអ្នកទាំង ២ ជាគូប្រជែងដ៏ស្វិតស្វាញនឹងគ្នា និងជាកីឡាករ ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ ដែលពុំមាននរណាប្រៀបបាន ដោយឡែក Di Maria វិញ ក៏បានចូលរួមប្រៀបធៀបលើរឿងនេះផងដែរ ដោយរូបគេបានសម្រេចចិត្តជ្រើសរើសមិត្តរួមសញ្ជាតិ Leo Messi ថាល្អជាងខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Ronaldo។

ទាក់ទងនឹងរឿងខាងលើ Di Maria បាននិយាយយ៉ាងដូច្នេះថា៖
ខ្ញុំតែងតែនិយាយរឿងនេះដដែលៗ ថាពួកគេទាំង ២ គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែវាគឺច្បាស់ណាស់ ថាអ្នកដែលល្អបំផុត នោះគឺ Leo។ វាមិនមែនដោយសារគាត់បានឈ្នះពាន Ballon d'Or ៨ សម័យនោះទេ ប៉ុន្តែវាគឺដោយសាររឿងជាច្រើនទៀត។ Cristiano គឺជាកីឡាករដែលប្រឹងប្រែងធ្វើការ ធ្វើការហើយធ្វើការទៀត។ ចំណែក Messi វិញ គាត់គឺជាកីឡាករ ដែលពោរពេញដោយទេពកោសល្យសុទ្ធ ដែលជាអំណោយទទួលបានពីព្រះ។ គាត់មិនត្រូវការធ្វើរឿងបន្ថែមទៀត ដើម្បីឱ្យក្លាយខ្លួនជាកីឡាករល្អបំផុតនោះទេ៕

ប្រភព៖ Sportskeeda