
ភ្នំពេញ៖ នៅរាជធានីភ្នំពេញមានចំនួន ១៤ខណ្ឌ បានចុះបញ្ជីនិងចែកបណ្ណបញ្ចប់បានចំនួន ៧ខណ្ឌហើយ និងកំពុងគ្រោងបញ្ចប់ជាបន្តបន្ទាប់ទៀត ផែនការដែលត្រូវបញ្ចប់ទាំងស្រុងត្រឹមដំណាច់ឆ្នាំ២០២៥។ បើតាមការលើកឡើង លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ។
តាមការលើកឡើង លោក ប៊ិន សូឈី ក្នុងពិធីចែកបណ្ណសម្គាល់អចលនវត្ថុចុងក្រោយចំនួន ២ពាន់ក្បាលដី សិ្ថតនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
លោក អនុប្រធានមន្ទីរ បន្តថា ដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងទូទាំងរាជធានី រហូតមកដល់ពេលនេះ គឺបានចំនួនជាង ៤៥ម៉ឺនក្បាលដី ក្នុងចំណោមក្បាលដីសរុបប្រមាណ ៥០ម៉ឺនក្បាលដី។
ក្នុងនោះ បានបិទផ្សាយសាធារណៈជាង ៤៣ម៉ឺនក្បាលដី និងចែកបណ្ណបានជាង២៩ម៉ឺនក្បាលដី លើសង្កាត់ចំនួន៩៧ ក្នុងចំណោមសង្កាត់សរុប ១០៥របស់រាជធានីភ្នំពេញ។ ជាការបន្ថែម លោក ប៊ិន សូឈី។
សម្រាប់ខណ្ឌ៧មករា មិនទាន់អាចបញ្ចប់បានទេ ដោយសារត្រូវរកនីតិវិធីបន្ថែម ខណៈខណ្ឌនេះមានអគារ និងលំនៅឋានជាច្រើន ជាប់សហកម្មសិទ្ធិច្រើននាក់។ ជាការបញ្ជាក់ លោក អនុប្រធានមន្ទីរ បន្តទៀតថា ក្រៅពីនេះ ក៏នៅមានក្បាលដីប្រមាណ ១០%ទៀតដែលត្រូវចុះបញ្ជីបន្ត ដោយសារកន្លងមកម្ចាស់ដីមិនបានចូលរួមជាមួយមន្ត្រីជំនាញ។
លោក ប្លុង សីហៈ ប្រធានការិយាល័យដែនដីខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា នៅទូទាំងខណ្ឌពោធិ៍សែនជ័យ មានសង្កាត់ចំនួន៧ ស្មើនឹង៧៥ភូមិ ត្រូវបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិ ដែលរួមទាំងពេលនេះផង គឺរួចរាល់អស់ហើយ ក្នុងចំណោមម្ចាស់ដីដែលបានចូលរួមជាមួយមន្ត្រីជំនាញ។
លោក បានបន្តថា ដោយឡែកម្ចាស់ដីមួយចំនួនដែលមិនបានចូលរួមអំឡុងពេលវាស់វែងកន្លងទៅ ក៏នៅមានសិទ្ធិក្នុងការចុះបញ្ជីបន្ថែមបានផងដែរ ប៉ុន្តែ តម្រូវឱ្យដាក់ពាក្យស្នើសុំនៅការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ ដែលមានការបញ្ជាក់ត្រឹមត្រូវរួមទាំងថ្លៃសេវាចុះបញ្ជីនេះ ដូច្នេះសូមប្រជាពលរដ្ឋរួសរាន់។
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងការសាទរ ចំពោះការបញ្ចប់ការចុះបញ្ជី និងចែកបណ្ណដីធ្លីក្នុងខណ្ឌនាពេលនេះ ព្រោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះមានសារសំខាន់ និងផលប្រយោជន៍ច្រើនណាស់សម្រាប់ពលរដ្ឋ ទាំងការគ្រប់គ្រង និងការប្រើប្រាស់ ជាពិសេស អំឡុងពេលដែលក្នុងមូលដ្ឋាន ក៏ដូចប្រទេសជាតិទាំងមូល កំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវមានប្លង់កម្មសិទ្ធិច្បាស់លាស់។
ដោយ៖ មឿន ឌីណា (Moeun Dyna)