
ភ្នំពេញ៖ រយៈពេល ២ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានទឹកប្រាក់ជាង ២ពាន់៦៦២លានដុល្លារ កើនប្រមាណ ២១.១% បើធៀបនឹងឆ្នាំ២០២៤។ បើតាមការលើកឡើង លោកស្រី ខា ឡេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។
តាមការលើកឡើង លោកស្រី ខា ឡេង ក្នុងពិធីដំណើរការពន្លាជាតិកម្ពុជា នៅលើថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច របស់ក្រុមហ៊ុន JD.com បានបន្តថា ក្នុងនោះ ទំហំនាំចេញពីកម្ពុជាទៅចិន គិតជាទឹកប្រាក់មានចំនួនជាង ២១៧លានដុល្លារ ហើយការនាំចូលពីចិនមកកម្ពុជាមានចំនួនជាង ២ពាន់៤៤៤លានដុល្លារ មានការកើនឡើងប្រមាណ ២១.១% បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៤។
ការផ្តួចផ្តើមបង្កើតផ្ទាល់ពន្លាជាតិ និងមានគម្រោងនាំយកផលិតផលរបស់កម្ពុជា ទៅបង្ហាញនៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ខ្លួនហើយសកម្មភាពនេះនឹងជំរុញដល់សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា និងចិន ដំណើរការកាន់តែខ្លាំងក្លា ព្រមទាំងបង្កើនឱកាសសម្រាប់ផលិតផល កម្ពុជាអាចទទួលការបញ្ជាទិញ និងនាំចេញទៅកាន់អ្នកប្រើប្រាស់ទីផ្សារចិន និងអន្តរជាតិ។ ជាការគូសបញ្ជាក់ លោកស្រី ខា ឡេង។
លោកស្រីរដ្ឋលេខាធិការ បានបន្តថា ចំណុចនេះក៏ជាសក្ខីភាពឆ្លុះបញ្ចាំងពីទំនុកចិត្ត និងគុណភាពនៃផលិតផលខ្មែរ ជាពិសេស ជាការចូលរួមថែរក្សាចំណងមិត្តភាពកម្ពុជា-ចិន មានរយៈពេលជាង ២ពាន់ឆ្នាំមកហើយ ជាមិត្តភាពដែកថែប នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមានចក្ខុវិស័យប្តេជ្ញារួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ។
ក្រសួងពាណិជ្ជកម្មក៏បានចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងចិន ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាចសម្រេចបានការចុះអនុស្សរណៈនៃ ការយោគយល់គ្នាជាមួយភាគីចិន ស្តីពីការជំរុញពាណិជ្ជកម្ម ជំរុញការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារចិន ជាពិសេសបង្កើនការរៀបចំការតាំងពិព័រណ៍ក្នុង និងក្រៅប្រទេសធ្វើយ៉ាងណាផ្សព្វផ្សាយផលិតផលកម្ពុជា បានកាន់តែទូលំទូលាយ។ ជាការលើកឡើងបន្តទៀត លោកស្រីរដ្ឋលេខាធិការ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន នេះជាឱកាសក្នុងការបន្តផ្សារភ្ជាប់ និងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ និងដើម្បីជាការបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។
ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់វិនិយោគិន និងធុរកិច្ចចិន នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងប្តេជ្ញាបន្តលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីជាមួយនឹងទីផ្សារអំណោយផលសេដ្ឋកិច្ចបើកចំហរ និងការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ជាពិសេសការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលដល់វិស័យឯកជន ដែលជួយអោយកម្ពុជា ជាទីតាំងសក្តានុពលដ៏សំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ ជាការបន្ថែមទៀត មន្ត្រីជាន់ខ្ពស់ដដែល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)