អាហារនៅក្នុងប្រទេសនៅលើពិភពលោក មានច្រើនបែបច្រើនសណ្ឋានខុសៗគ្នាទៅតាមប្រពៃណី ទំនៀមទម្លាប់ប្រទេសនីមួយ។ សម្រាប់ជនបរទេសវិញ យល់ថាប្រទេសអាស៊ី គឺជាប្រទេសដែលមានប្រពៃណីទាក់ទងនឹងម្ហូបអាហារច្រើនមុខ ហើយម្ហូបមួយមុខៗសុទ្ធតែប្លែក និងមានរសជាតិឆ្ងាញ់ តែក្នុងនោះក៏មានអាហារខ្លះបានធ្វើឱ្យជនបរទេសខ្លាចរអារផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតោះមកតាមដានអាហារអាស៊ី ទាំង៨ប្រភេទ ដែលជនបរទេសខ្លាចរអារ ៖
១. អាពីង (ប្រទេសកម្ពុជា)
រូបរាងដូចជាសត្វពីងពាង បានធ្វើជនបរទេសខ្លាចរអារជាខ្លាំងមិនហ៊ានទាំងសាកល្បងកាន់ផង។ តែអាពីងស្រួយៗដែលទើបតែបំពងហើយ បានធ្វើឱ្យជនបរទេសមួយចំនួនបានឱ្យឈ្មោះថាជាអាហារចម្លែកគួរឱ្យខ្លាច តែឆ្ងាញ់ខ្លាំងដែលគួរតែសាកល្បងម្តងពេលមកដល់ប្រទេសកម្ពុជា។ ក្រៅពីអាពីងប្រទេសកម្ពុជាក៏មានអាហារចម្លែកៗជាច្រើនផងដែរសម្រាប់ជនបរទេសដូចជា ពងទាកូន ជាដើម។
២. ទុរេន (ប្រទេសថៃ)
ទុរេន គឺជាស្តេចផ្លែឈើនៅអាស៊ី សូម្បីតែប្រទេសកម្ពុជាយើងក៏ពេញនិយមថាជាផ្លែឈើឆ្ងាញ់ និងមានតម្លៃថ្លៃ តែផ្លែឈើនេះត្រូវបានបរទេសស្គាល់ច្រើននៅក្នុងប្រទេសថៃ ថាជាផ្លែឈើដែលសម្បូរពាសពេញមានតម្លៃថោកសមរម្យ មានក្លិនស្អុយ តែបើប្រថុយសាកល្បងពិតជាឆ្ងាញ់ជាប់ចិត្ត។ តែផ្លែឈើប្រភេទនេះ ក៏មានជនបរទេស និងជនជាតិអាស៊ីខ្លះមិនអាចទទួលទានសោះតែម្តងដោយសារតែក្លិនជាប់មាត់បែបនេះ។
៣. ឈាមពស់ (ប្រទេសវៀតណាម)
វៀតណាមក៏មានអាហារចម្លែកៗច្រើនណាស់ដែរ ជាពិសេសអាហារទាក់ទងនឹងសត្វពស់ ដូចជាឈាមពស់ បេះដូងពស់ជាដើម។ នៅក្នុងប្រទេសវៀតណាម គេតែងតែយកឈាមពស់មកចម្អិនជាម្ហូបអាហារ ឬត្រាំស្រាស្រស់ៗ ដោយអាចទទួលទានជាមួយបន្លែ អាហារមួយចំនួន និងបាយសផងដែរ។
៤. ស៊ុបសម្បុកត្រចៀកកាំ (ប្រទេសចិន)
តើអ្នកដឹងទេថានៅប្រទេសចិនមានស៊ុបដែលមានតម្លៃថ្លៃជាងគេលើលោក? នោះគឺស៊ុបត្រចៀកកាំ។ ស៊ុបនេះត្រូវបានគេចម្រាញ់ចេញពីទឹកមាត់ត្រចៀកកាំ ដែលជនបរទេសស្តាប់ឭក៏ព្រឺសម្បុរដែរ ។ តែយ៉ាងណាពពួកសម្បុក ឬទឹកមាត់ត្រចៀកកាំ គឺជាប្រភេទអាហារដែលមានតម្លៃថ្លៃ និងអាចជួយប៉ូវសុខភាពទៀតផង។
៥. Sannakji (ប្រទេសកូរ៉េខាងត្បូង)
Sannakji គឺជាអាហារដ៏ល្បីនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយយកមឹកស្រស់ៗហាន់ ឬធ្វើជាអាហារឆៅ ទទួលទានតែម្តង។ ជនបរទេសខ្លះពិតជាខ្ពើម និងរអើមអាហារឆៅបែបនេះណាស់ តែរសជាតិវាវិញពិតជាឆ្ងាញ់ជាប់ចិត្ត។
៦. ត្រីកំពត (ប្រទេសជប៉ុន)
ត្រីកំពត គឺជាអាហារដែលជាប់ឈ្មោះថាមានជាតិពុល និងគ្រោះថ្នាក់បំផុតលើលោកប្រសិនជាសម្អាត និងចម្អិនមិនបានល្អទេ។ តែនៅក្នុងប្រទេសជប៉ុន វាគឺជាអាហារដ៏ពេញនិយមបំផុត ដោយចុងភៅម្នាក់ៗសុទ្ធតែមានជំនាញនៅក្នុងការធ្វើត្រីដ៏គ្រោះថ្នាក់មួយនេះ និងយកជាតិពុលចេញ តែឱកាសនៅសល់ជាតិពុលក៏មានដែរ ប្រសិនជាមិនប្រុងប្រយ័ត្ន។ ដូច្នេះហើយទើបវាជាអាហារដែលជនបរទេសខ្លាចរអារ និងមិនហ៊ានសាកល្បងនោះទេ។
៧. សត្វល្អិត
អាហារប្រភេទនេះមានគ្រប់កន្លែង និងពិសេសជាអាហារញ៉ាំលេងដ៏ពេញនិយមរបស់ប្រទេសអាស៊ីផងដែរ។ ដែលអាហារពពួកសត្វល្អិតនេះមានដូចជា ចង្រិត កណ្តូប អាពីង និងសត្វល្អិតជាច្រើនទៀត ដោយការយកលីង និងបំពងឱ្យស្រួយៗមានរសជាតិឆ្ងាញ់ពិសា។
៨. ស៊ុបប្រជៀវ
ប្រជៀវ ត្រូវគេឱ្យឈ្មោះថាជាសត្វដែលមានរូបរាងអាក្រក់លើលោក និងជាភ្នាក់ងារចម្លងរោគបំផុតផងដែរ តែប្រទេសអាស៊ី ជាពិសេសគឺប្រទេសចិន តែងតែយកសត្វនេះមកធ្វើជាម្ហូបទទួលទានយ៉ាងពេញនិយម ជាពិសេសគឺស៊ុបសត្វប្រជៀវ៕