ឥរិយាបថមួយចំនួនដែលចៅហ្វាយនាយ ឬ ប្រធានគ្រប់គ្រងត្រូវជៀសវាង បើសិនជាខ្លួនចង់រក្សាបុគ្គលិកល្អនៅកន្លែងធ្វើការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កុំបង្ខំបុគ្គលិកល្អឲ្យធ្វើការជ្រុលពេក
សម្រាប់បុគ្គលិកល្អគ្រប់រូប គ្មានអ្វីដែលក្តៅក្រហាយជាជាងការបង្ខំគេឲ្យធ្វើការបន្ថែមទៀតនោះឡើយ។ អារម្មណ៍ដែលត្រូវគេបង្ខំឲ្យធ្វើការពិតជាពិបាកពន្យល់ណាស់។ ពួកគេអាចនឹងមានអារម្មណ៍ថា ពួកគេត្រូវបានដាក់ទោសដោយសារតែធ្វើការងារបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ ការបង្ខំបុគ្គលិកឲ្យធ្វើការខ្លាំងពេកធ្វើឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះ។
ការសិក្សាស្រាវជ្រាវថ្មីមួយធ្វើឡើងដោយសាកលវិទ្យាល័យ Stanford បានបង្ហាញថា ប្រសិទ្ធភាពការងារក្នុងមួយម៉ោងៗនឹងចាប់ផ្តើមធ្លាក់ចុះនៅពេលម៉ោងធ្វើការកើនហួសពី ៥០ ម៉ោងក្នុងមួយសប្តាហ៍ ហើយបើសិនជាឡើងដល់លើសពី ៥៥ ម៉ោងក្នុងមួយសប្តាហ៍ កំណើនប្រសិទ្ធភាពការងារនឹងធ្លាក់ស្មើនឹងសូន្យ ពោលគឺហាក់ដូចជាមិនបានធ្វើការបន្ថែមសោះតែ ម្តង។ បុគ្គលិកដែលល្អ នឹងបាត់បង់ការអត់ធ្មត់បើសិនគេត្រូវធ្វើការច្រើនដល់កពេក។
២. មិនខ្វល់ពីបុគ្គលិក
ជាងពាក់កណ្តាលនៃបុគ្គលិកដែលបានលាឈប់ពីការងារ ពីព្រោះពួកគេមានទំនាក់ទំនងមិនល្អជាមួយនឹងចៅហ្វាយនាយ។ ក្រុមហ៊ុនមួយដែលល្អ គឺជា ក្រុមហ៊ុនដែលចេះធ្វើឲ្យអ្នកគ្រប់គ្រង់របស់គេគ្រប់គ្នាមានតុល្យភាពរវាងអាជីពការងារ និងភាពជាមនុស្ស។ និយាយឲ្យស្រួលស្តាប់ គឺគេចេះបែងចែកពេលវេលាសម្រាប់ធ្វើការងារ និងពេលវេលាសម្រាប់ប្រាស្រ័យទាក់ទងជាមួយនឹងបុគ្គលិក។
៣. មិនគោរពពាក្យសន្យារបស់ខ្លួនឯង
ការធ្វើការសន្យាជាមួយនឹងមនុស្សណាម្នាក់នឹងដាក់រូបអ្នកនៅចន្លោះរវាងការធ្វើឲ្យគេបានសប្បាយចិត្ត និងការធ្វើឲ្យគេដើរចេញពីអ្នក យ៉ាងអស់សង្ឃឹម។ នៅពេលដែលចៅហ្វាយនាយបានគោរពពាក្យដែលខ្លួនបានសន្យាជាមួយនឹងបុគ្គលិក ចៅហ្វាយនាយរូបនោះនឹងត្រូវបានបុគ្គលិកឃើញថា ជាមនុស្សដែលគួរឲ្យគោរព និងអាចទុកចិត្ត។ គុណភាពទាំងពីរនេះសំខាន់ជាទីបំផុតសម្រាប់ភាពជាអ្នកដឹកនាំល្អ។
៤. មិនបើកឱកាសឲ្យបុគ្គលិកប្រើប្រាស់គំនិតខ្លួនឯង
បុគ្គលិកដែលមានទេពកោសល្យច្រើនតែមានគំនិតច្នៃប្រឌិតច្រើន។ ការផ្តល់ឱកាសឲ្យពួកគេធ្វើតាមគំនិតរបស់ពួកគេជួយបង្កើនប្រសិទ្ធភាព និងការពេញចិត្តក្នុងការងារ។ ប៉ុន្តែ ក៏នៅតែមានអ្នកដឹកនាំជាច្រើនដែលបង្ខំឲ្យបុគ្គលិកធ្វើការតាមគំនិតខ្លួនឯងទាំងស្រុង ដោយសារតែមានការភ័យខ្លាចចំពោះការធ្លាក់ចុះនៃប្រសិទ្ធភាពការងារ ប្រសិនបើពួកគេបើកឲ្យបុគ្គលិកពង្រីកការផ្តោតអារម្មណ៍ និងធ្វើតាមគំនិតខ្លួនឯង។
៥. មិនចេះអភិវឌ្ឍន៍ជំនាញរបស់បុគ្គលិក
ប្រធានគ្រប់គ្រងមានភារកិច្ចត្រូវគ្រប់គ្រង ទោះបីជាបុគ្គលិកនៅក្រោមបង្គាប់ពូកែ ឬឆ្លាតយ៉ាងណាក្តី។ នៅពេលអ្នកក្លាយជាចៅហ្វាយនាយរបស់គេ ហើយមានបុគ្គលិកដែលពូកែ និងមានទេពកោសល្យនៅក្រោមបង្គាប់ អ្នកត្រូវតែរិះរកចំណុចខ្លាំងរបស់ពួកគេ ហើយអភិវឌ្ឍចំណុចនោះ ដើម្បី បង្កើនបណ្តុំសមត្ថភាពរបស់ពួកគេ៕
Source: Business Insider Singapore