កម្សាន្ត៖ មនុស្សមួយចំនួន អាចមានភាពខ្វល់ខ្វាយពីការធ្វើម្ហូបអាហារ ជាពិសេស អាហារដែលមានរបៀបធ្វើពិបាកៗ ថែមទាំងមានភាពស្មុគស្មាញ មិនដឹងគួរចាប់ផ្ដើមពីចំណុចណាទៅមុន ហើយបើទិញគេក៏ថ្លៃមិនណយដែរ ប៉ុន្តែ លោកអ្នកឈប់មានការបារម្មណ៍ទៀតទៅ មុខម្ហូបទាំង៤ ខាងក្រោមនេះ ពិតជាមានភាពងាយស្រួល ដោយលោកអ្នកគ្រាន់តែមាន ឆ្នាំងដាំបាយអគ្គិសនី ឬក៏ ម៉ាស៊ីនម៉ាយក្រូវ៉េវ ជាការស្រេច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងថា ម្ហូបទាំងនេះ មានរបៀបធ្វើបែបណានោះ សូមអានពីរបៀបធ្វើ ខាងក្រោម៖
១. បាយសាច់មាន់
មុខម្ហូបបាយសាច់មាន់ គឺជាម្ហូបដែលងាយស្រួលធ្វើជាទីបំផុត ដែលអាចធ្វើដោយខ្លួនឯងបាន ដោយគ្រាន់តែប្រើឆ្នាំដាំបាយអគ្គិសនី និងធ្វើតាមរបៀបធ្វើដូចខាងក្រោម៖
គ្រឿងផ្សំ៖
អង្ករ ចំនួន ៤ ពែង
ទឹក ៣ ពែង
ខ្ទឹមស ២ វែក (ប្រេង)
ខ្ទឹមស ៣ ទៅ ៤ កម្ពឹះ
ស្ករ កន្លះស្លាបព្រាកកាហ្វេ
ខ្ញី ៤ មើម
ភ្លៅមាន់ ៥ និង ទ្រូងមាន់ ១
អំបិល កន្លះស្លាបព្រាបាយ និង ម្សៅគ្រឿង
របៀបធ្វើ៖
ដំបូង លាងអង្ករ រួចដាក់ទៅក្នុងឆ្នាំងព្រមទាំងទឹក បន្ទាប់មក ដាក់ ខ្ទឹម ខ្ញី ស្ករ អំបិល ម្សៅខ្ទឹម និង ម្សៅគ្រឿង រួចសឹមចុចកុងតាក់ចម្អិន ហើយរង់ចាំរហូតដល់បាយឆ្អិន។ នៅពេលដែល បាយឆ្អិនរួចរាល់ ទើបដាក់ ភ្លៅ និង ទ្រូងមាន់ ដែលស្ងោរឆ្អិនរួច ទៅដាក់់ក្នុងឆ្នាំងដាំបាយ បិទគម្រប ឲ្យជិត ទុកចោល ១០ នាទី ជាការស្រេច ។

២. ចំហុយមីសួរបង្គា
អ្នកដែលចង់ញ៉ាំ ចំហុយមីសួរបង្គា មិនចាំបាច់ទៅទិញដល់ហាងអាហារនោះទេ គ្រាន់តែធ្វើតាមរបៀបងាយៗ នៅឯផ្ទះក៏បាន។
គ្រឿងផ្សំ៖
បង្គា ១០
ខ្ទឹម
គ្រាប់ម្រេចខ្មៅ និង ឬសជីវ៉ាន់ស៊ុយ
ខ្ញីកាត់ជាបន្ទះៗ
មីសួរ
សាច់ជ្រូក
ទឹកប្រេងខ្យង
ម្រេចម៉ត់
ទឹកស៊ីអ៊ីវខ្មៅ
ប្រេងល្ង និង ស្លឹកខ្ទឹម
របៀបធ្វើ៖
ដំបូង លាយ ទឹកប្រេងខ្យង ម្រេចម៉ត់ ទឹកស៊ីអ៊ីវខ្មៅ និង ប្រេងល្ង បញ្ចូលគ្នា បន្ទាប់មក ចាក់ចូលទៅលើ មីសួរហើយច្របល់វាឲ្យសព្វ។ បន្ទាប់មកទៀត ដាក់សាច់ជ្រូក ទៅក្នុងឆ្នាំង រួមទាំងខ្ញី ខ្ទឹម ម្រេចខ្មៅ ឬសជីវ៉ាន់ស៊ុយ និង បង្គា ហើយ បិទគម្របឆ្នាំឲ្យជិត បន្ទាប់មកចុចកុងតាក់ចម្អិន រយៈពេល ១៥ នាទី ឬអាចបន្តរហូតដល់ សរសៃមីសួរទន់ គឺ អាចញ៉ាំបានហើយ។

៣. បាយចម្អិនជាមួយផ្សិត
នេះក៏ជាម្អូបដ៏ងាយស្រួលមួយដែរ ដោយគ្រាន់តែបន្ថែមផ្សិតឲ្យមានរសជាតិថ្មី តែប៉ុណ្ណោះ។
គ្រឿងផ្សំ៖
អង្ករ ២ ពែង
ទឹកស៊ីអ៊ីវ ១ ស្លាបព្រា
អំបិល ១ ស្លាបព្រា
សាច់ជ្រូកហាន់ចំណិតៗ កន្លះពែង
ខ្ទឹមស ៥ កម្ពឹស
ផ្សិត ៥ ដុំ
ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
ប្រេងបន្លែ កន្លះស្លាបព្រាបាយ
ទឹកកន្លះពែង
ការ៉ុតហាន់រួច កន្លះពែង
របៀបធ្វើ៖
ដំបូង លាងផ្សិតឲ្យបានស្អាត ហើយត្រាំទុកចោល រហូតដល់ទន់ បន្ទាប់មក កាត់វាពាក់ៗកណ្ដាល។ បន្ទាប់មកទៀត យកផ្សិតមកកូរលាយ ជាមួយនឹងប្រេងឆា ហើយដាក់ ខ្ទឹម សាច់ជ្រូក ទឹកស៊ីអ៊ីវ អំបិល និងម្រេច។ ជាចុងក្រោយ ដាក់ឆ្នាំងដាំបាយ រង់ចាំដល់បាយឆ្អិន ហើយសឹមដាក់ ផ្សិតដែលកូររួច ទៅច្របល់ជាមួយនឹងបាយ ហើយបិទគម្របឲ្យជិត ទុកចោល ៣ នាទី ជាការស្រេច។

៤. ស៊ុតចំហុយ
នេះគឺជាមុខម្ហូបដ៏ងាយស្រួល សម្រាប់អ្នកដែលចង់សាកសល្បង រៀនធ្វើ ទុកសម្រាប់ទទួលទាន ជាអាហារពេលព្រឹក បានយ៉ាងឆាប់រហ័ស ផងដែរ។
គ្រឿងផ្សំ៖
ស៊ុតមួយគ្រាប់
ទឹក ១/៤ ពែង
បង្គាស្ងោរ ២
ទឹកត្រី ៣ ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹម
ការ៉ុតហាន់រួច ១/៤ ពែង និង ផ្សិតមួយ
របៀបធ្វើ៖
ដំបូង គោះស៊ុតដាក់ចូលក្នុងចាន រួចកូរឲ្យសព្វ បន្ទាប់មក ដាក់ទឹក ទឹកត្រី ការ៉ុត និងម្សៅគ្រឿង រួចកូរម្ដងទៀត។ បន្ទាប់មក យកទៅដាក់ក្នុង ម៉ាស៊ីនម៉ាយក្រូវ៉េវ កំណត់ត្រឹមតែ ៧ នាទី សម្រាប់ចម្អិន រួចយកចេញ ដើម្បីបន្ថែមជាមួយនឹងកាតុបតែង ដូចជា បង្គា ផ្សិត ស្លឹកខ្ទឹម ជាការស្រេច៕
