យល់ដឹង៖ តើអ្នកធ្លាប់ទទួលទាន សត្វអណ្តើកពីមុនមកដែរទេ? តើអ្នកធ្លាប់មានប្រផ្នូលមិនល្អ អ្វីខ្លះបន្ទាប់ពី ទទួលទានអណ្តើកហើយ? ហើយតើអ្នកធ្លាប់បាន លឺនៅជំនឿខ្លះៗ ទាក់ទងនឹងការហូប សត្វអណ្តើកនេះដែរឬទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មុននឹងឈានចូលទៅដល់ ការបកស្រាយជំនឿ ទាក់ទងនឹង ការទទួលទាន សត្វអណ្តើក ខ្មែរឡូត សូមនាំអារម្មណ៍ មិត្តអ្នកអានទាំងអស់គ្នា ទៅដឹងពីប្រវត្តិនៃ សត្វអណ្តើក ជាមុនសិន។ នៅក្នុង ព្រះពុទ្ធសាសនា សត្វអណ្តើកត្រូវបាន ចាត់ទុកថាជា សត្វតំណាង ព្រះពុទ្ធកស្សបៈ ដែលជា ព្រះពុទ្ធទី៣ ក្នុងចំណោម ព្រះពុទ្ធ៥អង្គ ក្នុងនោះរួមមាន ព្រះពុទ្ធភត្តុសន្ធោ(មាន់ឈ្មោល) ព្រះពុទ្ធ កោនាគមនោ (នាគ) ព្រះពុទ្ធកស្សបោ (អណ្តើក) ព្រះពុទ្ធសាមគោតម (គោឈ្មោល) និងព្រះសិអាមេត្រី (សត្វខ្លា)។
ចំពោះ ពុទ្ធសាសនាមហាយាន្ត សត្វអណ្តើកជា តួអង្គសំខាន់ណាស់ អណ្តើកគឺតំណាងឲ្យគតិ ភាពស្វិតស្វាញ ទ្រព្យសម្បត្តិ និងអាយុយឺនយូរ។ សត្វអណ្តើកជា សត្វអទិទេព ក្នុងចំណោមសត្វទាំង៤ គឺ នាគ ហង្ស ខ្លា និងអណ្តើក។ សត្វអណ្តើក ត្រូវបានគេចាត់ទុកជា អ្នកថែរក្សាទិសខាងជើង នៅក្នុងប្រព័ន្ធត្រីវិស័យ ដែលគេចាត់ទុកថាជា អ្នកចម្បាំងសច្ចៈ។ ម្យ៉ាងវិញទៀត ដោយសារតែ សត្វអណ្តើកជាសត្វ ដែលមានអាយុវែង ដូច្នេះហើយបានជា គេតែងឆ្លាក់រូបអណ្តើក ទុកក្នុងផ្នូររបស់ ស្តេចតំណាងឲ្យភាពអមតៈ។
ក្នុងសង្គមចិនបុរាណ គេមិនឲ្យ បរិភោគអណ្តើកនោះទេ ព្រោះហេតុផលថាជា សត្វទេព ហើយមានតែអធិរាជប៉ុណ្ណោះ ដែលអាចបរិភោគបាន ហើយមុននឹង បរិភោគគេត្រូវ ខមាទោសសុំ ជាមុនសិន។ ដូចនេះហើយ ទើបបានជារាស្ត្រសាមញ្ញមិនហ៊ានទទួលទានអណ្តើកឡើយ។ ចំណែកអធិរាជ អាចសោយបានព្រោះតែគេយល់ថាជាមនុស្សដែលមានជោគជតារាសីខ្ពស់ ហើយក៏ជាអ្នកមានបុណ្យបារមីខ្លាំង ទើបអាចសោយ សត្វអណ្តើកបាន។ ផ្ទុយទៅវិញ សម្រាប់រាស្ត្រសាមញ្ញវិញ បើទទួលទានអណ្តើកហើយគឺគេជឿជាក់ថា នឹងអាចនាំឲ្យ ជោគជតារាសីធ្លាក់ចុះ បាបកម្ម និងរកស៊ីមិនឡើងនោះទេ ជាពិសេសនឹងជួប គ្រោះរហូតដល់ជីវិត ថែមទៀតផង។
ចំពោះសាសនាហិណ្ឌូវិញ អណ្តើកត្រូវបាន គេចាត់ទុកថា ជាអវតាមួយអង្គ ក្នុងទេវកថា រឿងកូរសមុទ្រទឹកដោះ។ យើងអាចមើលឃើញ ចម្លាក់សត្វអណ្តើក នៅលើផ្ទៃនៃប្រាសាទអង្គរវត្តខ្មែរ ដែលតំណាងឲ្យ រឿងកូរសមុទ្រទឹកដោះផងដែរ។
រីឯក្នុងសង្គមខ្មែរជំនឿ សាសនាវិញ សត្វអណ្តើកត្រូវបាន សាសានាជីខ្មែរដើម ចាត់ទុកស្មើអទិទេព។ ដោយសារតែ អណ្តើកជាសត្វជើងបួន រស់នៅលើគោកក៏បាន ក្នុងទឹកក៏បាន ដូច្នេះទើបគេ ចាត់ទុកអណ្តើកជា សត្វតំណាងភពផែនដី។ ជើងទាំងបួន របស់អណ្តើក ទ្រផែនដីតំណាងឲ្យ លោកធាតុទាំង៤ មានទឹក ដី ភ្លើង ខ្យល់ ហើយស្នូកតំណាងឲ្យផែនដី។ តាមជំនឿរបស់ខ្មែរពី បុរាណកាល ពេលរំដោះគ្រោះខ្មែរតែងយកសត្វអណ្តើក ទៅព្រលែង ព្រោះអណ្តើក តំណាងឲ្យភាពអមតៈ និងភោគទ្រព្យ។
ហេតុដូចនេះហើយ ទើបក្នុងសង្គមខ្មែរ តែងជឿលើជំនឿតៗគ្នាថា សម្រាប់អ្នកទាំងឡាយណា ដែលទទួលទាន នៅសត្វអណ្តើកហើយ តែងតែជួបនៅគ្រោះ អន្តរាយ បែកបាក់គ្រួសារ បាត់បង់ការងារ រកស៊ីខាតបង់ ជួបតែរឿងអាក្រក់ៗ ងើបមុខមិនរួច ដែលគេហៅថា យីអ៊ុនដាក់។ ដូច្នេះប្រសិន បើអ្នកដែលធ្លាប់បាន ទទួលទានសត្វអណ្តើកហើយ ជួបនៅរឿងអាក្រក់ៗ បែបនេះវិធីដោះគ្រោះគឺ ត្រូវទៅរកសត្វអណ្តើកមួយទៀត ហើយធ្វើការព្រលែង ដោយឧទ្ទិសបួងសួង សុំខមាទោស អហោសិកម្ម ដោយទង្វើមិនបានដឹង។ លើសពីនេះទៀត សម្រាប់ចាស់ៗ ជឿថាបើចង់ផ្តាច់ចំណងកម្ម ជាមួយគ្នា គួរបាងក្សូលឧទ្ទិស ឲ្យទៅសត្វអណ្តើកនោះ បន្ថែមទៀតផងដែរ។
បញ្ជាក់៖ នេះគឺគ្រាន់តែជា ជំនឿតៗគ្នា និងរឿងរ៉ាវខ្លះៗ ដែលធ្លាប់កើតឡើងលើ មនុស្សមួយចំនួន ដែលធ្លាប់ទទួលទាន សត្វអណ្តើក។ ក៏ប៉ុន្តែជំនឿនេះ យើងក៏មិនអាចសន្និដ្ឋាន និងប្រាកដជាក់ច្បាស់ មួយរយភាគរយដែរ។ ហេតុដូចនេះ ការជឿនិង មិនជឿគឺស្រេចលើ ការគិតរបស់មនុស្សម្នាក់ៗ។ សូមអានដោយវិចារណញ្ញាណ៕
ប្រភព៖ ទេពនិមត្តចម្លាក់ខ្មែរ