សុខភាព៖ ជំងឺទឹកនោមផ្អែម ជាជំងឺពេញនិយមមួយដែលកើតឡើងលើមនុស្សរាប់លាននាក់លើពិភពលោក ដោយវាជាជំងឺមិនទាន់អាចរកថ្នាំមកព្យាបាលឲ្យជាដាច់បាននៅឡើយទេ។ ជំងឺនេះបែងចែកចេញពីជាពីរគឺ ទឹកនោមផ្អែមប្រភេទ១ និង ទឹកនោមផ្អែមប្រភេទ២ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យមុខងារកោសិកាបេតា របស់លំពែងខូចទាំងស្រុង ធ្វើឲ្យអត្រាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ដែលគេហៅថា Insulin-dependent diabetes។ ជំងឺនេះជាលក្ខខណ្ឌមួយដែលមុខងារកោសិកាបេតា(Beta cells) របស់លំពែងមិនអាចផលិតអាំងស៊ុយលីន។ ជំងឺនេះកើតមានច្រើនចំពោះកុមារ និងក្មេងជំទង់ តែគេក៏សង្កេតឃើញមានកើតលើមនុស្សវ័យផ្សេងទៀតដែរ។
រីឯទឹកនោមផ្អែមប្រភេទទី ២ ជាជំងឺរ៉ាំរ៉ៃ ធ្វើឲ្យប៉ះពាល់ដល់ការបម្លែងជាតិស្ករ កើតឡើងដោយសារកោសិកាក្នុងខ្លួន មិនទទួលស្គាល់ ឬស៊ាំជាមួយអាំងស៊ុយលីន (អ័រម៉ូនជួយសម្រួលជាតិស្ករនៅក្នុងខ្លួន) ឬកោសិកាផលិត អាំងស៊ុយលីន បញ្ចេញមិនគ្រប់គ្រាន់ ដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងខ្លួនឲ្យស្ថិតនៅកម្រិតប្រក្រតី។
យោងតាម The Phnom Penh Post បានបញ្ជាក់ថា កម្ពុជា ក៏មានអ្នកជំងឺកើតទឹកនោមផ្អែមរស់នៅចំនួន ៤៣០,០០០ នាក់ផងដែរ។
ដូច្នេះ ដើម្បីការពារខ្លួនឯងពីជំងឺទឹកនោមផ្អែមប្រភេទទី២ គឺត្រូវអនុវត្តរឿងទាំង១០ចំណុចដូចខាងក្រោម៖
១. កាត់បន្ថយការញ៉ាំអាហារបែបកាបូអ៊ីដ្រាត (អាហារថាមពល)
ជាទូទៅ រាងកាយយើងបានបំបែកអាហារបែបកាបូអ៊ីដ្រាត ចេញជាដុំម៉ូលេគុលស្ករតូចៗ ដែលត្រូវស្រូបចូលទៅក្នុងសរសៃឈាម ដែលធ្វើឲ្យជាតិស្ករក្នុងខ្លួនឡើងខ្ពស់ ពិបាកដល់ការផលិតអាំងស៊ុយលីន ដែលជាអ័រមូនជួយបញ្ចេញជាតិស្ករចេញពីឈាម ទៅកាន់កោសិកា។ ដូច្នេះដើម្បីទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទ២ គឺអ្នកត្រូវចៀសវាងអាហារប្រភេទកាបូអ៊ីដ្រាតខ្ពស់ដូចជា សូដា, ស្ករគ្រាប់, បង្អែម, ផាស្តា ជាដើម។
២. ហាត់ប្រាណជារៀងរាល់ថ្ងៃ
ការផ្លាស់ទីរាងកាយរបស់អ្នកអាចជួយឲ្យអ្នករួចផុតពីហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ វិធីនៃការហាត់ប្រាណដ៏មានប្រសិទ្ធភាពគឺពពួក អេរូបិក (Aerobic) ដូចជារត់ ដើរ ហែលទឹក និង ជិះកង់ ជាដើម។
៣. ជ្រើសរើសផឹកទឹកជាជាងពពួកភេសជ្ជៈកំប៉ុង
ការផឹកទឹកពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ ក្នុងនោះក៏អាចជួយកាត់បន្ថយការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ ដែលយោងតាមការស្ទង់មតិគឺវាអាចធ្វើឲ្យរាងកាយគ្រប់គ្រងជាតិស្ករក្នុងខ្លួនបានល្អ។
៤. ព្យាយាមយ៉ាងណាសម្រកគីឡូឲ្យបានច្រើនជាងធម្មតា
ការសម្រកគីឡូប្រហែលពី៥ទៅ៧ភាគរយនៃទម្ងន់រាងកាយរបស់អ្នក អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ជាពិសេសគឺទៅលើអ្នកដែលមានសាច់ខ្លាំង។
៥. ឈប់ជក់បារី
មិនត្រឹមតែប៉ះពាល់សួតទេ ការជក់បារីច្រើនធ្វើឲ្យបង្កើនហានិភ័យនៃការកើតជំងឺនេះផងដែរ ដូច្នេះដើម្បីបង្ការ គឺអ្នកត្រូវផ្ដាច់បារីទាំងស្រុង ឬកាត់បន្ថយការជក់។
៦. ញ៉ាំអាហារចានតូចៗ
ការញ៉ាំអាហារច្រើនក្នុងពេលតែមួយ អាចបង្កឲ្យកើតជំងឺនេះ ព្រោះជាតិស្ករក្នុងឈាមឡើងខ្ពស់ អ៊ីចឹងហើយការទទួលទានអាហារចានតូចៗ និងមើលរបបអាហាររបស់ខ្លួនឯងពិតជាអាចជួយបានច្រើន។
៧. កាត់បន្ថយសកម្មភាពណាដែលតម្រូវឲ្យអ្នកអង្គុយយូរ ឬទម្រេតខ្លួនយូរ
ការអង្គុយលេងហ្គេមយូរពេក មើលទូរទស្សន៍យូរពេក អង្គុយធ្វើការក្នុងការិយាល័យយូរពេក អាចធ្វើឲ្យមានការកើនឡើងខ្ពស់នៃហានិភ័យនៃជំងឺនេះ។ ដំណោះស្រាយល្អគឺ ត្រូវព្យាយាមរកពេលផ្លាស់ទីរាងកាយឲ្យបានច្រើន ឬដើរទៅខាងនេះខាងនោះ ធ្វើយ៉ាងណាកុំអង្គុយយូរពេក។ អ្នកអាចដាក់គោលដៅខ្លួនឯងថាមួយថ្ងៃ ត្រូវដើរឲ្យបាន២៥០ជំហាន។
៨. ញ៉ាំអាហារដែលមានជាតិសរសៃ(Fiber) ខ្ពស់
អាហារមានជាតិសរសៃខ្ពស់ ធ្វើឲ្យសុខភាពពោះវៀនល្អ និងព្រមទាំងជួយដល់ការស្រកទម្ងន់ផងដែរ។ ការបញ្ចូលអាហារមានជាតិហ្វាយប៊ឺរៀងរាល់ពេលញ៉ាំអាហារ គឺជួយការពារមិនឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។
៩. ធ្វើយ៉ាងណាញ៉ាំឬស្រូបវីតាមីន D ឲ្យបានច្រើន
វីតាមីន D ពិតជាសំខាន់ចំពោះការគ្រប់គ្រងជាតិស្ករក្នុងឈាម ដោយការសិក្សាខ្លះបានបង្ហាញថា ការផឹកសារធាតុបំប៉នវីតាមីន D អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមសម្រាប់ក្រុមមនុស្សមាហានិភ័យនៃការកើតទឹកនោមផ្អែម។ បើសិនអ្នកមិនចង់ប្រើប្រាស់សារធាតុបំប៉នទេ គឺអាចព្យាយាមឈរក្រោមកម្តៃថ្ងៃ ពី១០ទៅ១៥នាទី ដើម្បីស្រូបយកវីតាមីន D ។
១០. ផឹកកាហ្វេឬតែ
បើទោះបីជាមានការស្រាវជ្រាវថាទឹកជាភេសជ្ជៈសំខាន់សម្រាប់បង្ការហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមក៏ដោយក៏ ក្នុងនោះការស្រាវជ្រាវមួយចំនួនបង្ហាញថា ការផឹកកាហ្វេខ្មៅ(មិនដាក់ស្ករ ឬសារធាតុផ្អែម) និងតែ(មិនដាក់ស្ករឬសារធាតុផ្អែម) អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ការស្រាវជ្រាវនោះបានបញ្ជាក់ថា បើអ្នកផឹកកាហ្វេខ្មៅជារៀងរាល់ថ្ងៃ នោះអ្នកអាចកាត់បន្ថយហានិភ័យដល់ទៅ៥៤ភាគរយឯណោះ៕
ប្រភព៖ healthline