យល់ដឹង៖ ខួរក្បាលជាសរីរាង្គមួយដ៏សំខាន់បំផុតរបស់មនុស្ស ព្រោះវាដើរតួជាអ្នករក្សាទុកការចងចាំ គ្រប់គ្រងលើការចងចាំ អារម្មណ៍ ការគិត... ជាដើមដូច្នេះបើសិនខួរក្បាលអ្នកចុះខ្សោយ អ្នកមុខជាប្រឈមនឹងហានិភ័យសុខភាពជាច្រើន ដូចជាឆាប់ភ្លេច និងពិបាកក្នុងការគិតទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនរណាៗក៏ចង់ឲ្យសុខភាពខួរក្បាលរឹងមាំដែរ តែអ្នកដឹងទេថាទម្លាប់អាក្រក់តូចតាចខ្លះអាចធ្វើឲ្យ សមត្ថភាពខួរក្បាលរបស់អ្នកចុះខ្សោយបានយ៉ាងងាយ៖
១. គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ការគិត និងសមត្ថភាពនៃការចងចាំរបស់អ្នក ដូច្នេះអ្នកត្រូវរៀបចំកាលវិភាគគេងឲ្យបានទៀងទាត់ ចូលគេងនិងភ្ញាក់ពីគេងម៉ោងដដែលៗរាល់ថ្ងៃ និងហាមគេងយប់ជ្រៅ។
២. នៅម្នាក់ឯងច្រើនពេក
ការនៅម្នាក់ឯងច្រើនពេក ដោយមិនបានចេញទៅចួបជុំជជែកឬទាក់ទងជាមួយមនុស្សជុំវិញខ្លួន អាចប៉ះពាល់ដល់សុខភាពខួរក្បាលរបស់អ្នក។ អ្នកត្រូវចេញទៅចួបមិត្តភក្តិ និយាយទាក់ទងជាមួយមនុស្សជុំវិញខ្លួន ដោយព្យាយាមកុំនៅម្នាក់ឯងច្រើនពេក ព្រោះការមិនបានប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនអាចធ្វើឲ្យអ្នកឆាប់មានជំងឺបាត់បង់ការចងចាំ និងខ្សោយខួរក្បាល។
៣. ញ៉ាំអាហារមិនមានជីវជាតិ
ពពួកអាហារសម្បូរខ្លាញ់ដូចជា បឺហ្គ័រ សាំងវិច ដំឡូងបារាំងចៀន ឬភេសជ្ជៈប៉ូវកម្លាំង ជាដើម សុទ្ធតែបង្កផលប៉ះពាល់ដល់ខួរក្បាលរបស់អ្នក។ ជំនួសមកវិញ ត្រូវទទួលទានអាហារដូចជាផ្លែឈើ បឺរី គ្រាប់ធញ្ញជាតិ និងពពួកបន្លែខៀវ ដើម្បីជួយឲ្យខួរក្បាលដំណើរការកាន់តែល្អ។
៤. ដាស់កាសស្ដាប់ សំឡេងឮពេក
បើអ្នកចូលចិត្តស្ដាប់ចម្រៀងដោយដាក់កាស ហើយបើកសំឡេងមួយអស់ៗឮៗ គឺអ្នកគួរតែបញ្ឈប់វាជាបន្ទាន់ ព្រោះការធ្វើបែបនេះមិនត្រឹមតែធ្វើអ្នកថ្លង់ក្នុងរយៈពេលតែ៣០នាទីទេ តែក៏អាចប៉ះពាល់ដល់ខួរក្បាលអ្នកដែរ ដោយសារខួរក្បាលត្រូវធ្វើការធ្ងន់ជាងមុនដើម្បីឮនិងយល់ពីសំឡេងមកពីខាងក្រៅដូច្នេះ បើកសំឡេងតិចៗបានហើយពេលស្ដាប់កាស ដោយមិនត្រូវស្ដាប់លើសពីមួយទៅពីរម៉ោងទេ។
៥. មិនសូវកម្រើករាងកាយ
កាន់តែអ្នកមិនហាត់ប្រាណ មិនផ្លាស់ទី មិនកម្រើករាងកាយគឺ អ្នកនឹងប្រឈមមុខនឹងការមានជំងឺវង្វេង និងជំងឺផ្សេងៗជាច្រើនទៀតដូចជា ទឹកនោមផ្អែម ជំងឺបេះដូង និងឡើងសម្ពាធឈាមផងដែរ។ ដូច្នេះអ្នកត្រូវប្រាកដចិត្តថាខ្លួនឯងផ្លាស់ទីយ៉ាងសកម្មរាល់ថ្ងៃដោយដើរពី១៥ទៅ៣០នាទី ឬក៏ហាត់ប្រាណ។
៦. ជក់បារី
កាលណាអ្នកនៅជក់បារី គឺខួរក្បាលរបស់អ្នកប្រឈមមុខនឹងរួមតូចជាងមុនខ្លាំងណាស់ដែលធ្វើឲ្យប៉ះពាល់ដល់អង្គចងចាំរបស់អ្នក និងធ្វើឲ្យការចងចាំចុះខ្សោយខ្លាំង។ មិនត្រឹមប៉ុណ្ណឹង អ្នកនឹងមានជំងឺ ទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងឡើងសម្ពាធឈាមផងដែរ។
៧. ញ៉ាំច្រើនពេក
ការទទួលទានអាហារលើសកម្រិត ដែលទោះបីជាអាហារមានជីវជាតិក៏ដោយ គឺមិនត្រឹមតែធ្វើឲ្យឡើងទម្ងន់ទេតែក៏ធ្វើឲ្យសមត្ថភាពខួរក្បាលចុះខ្សោយដែរ។
៨. នៅកន្លែងងងឹតច្រើនពេក
ការសំងំនៅកន្លែងងងឹតច្រើនខ្លាំងពេក ធ្វើឲ្យអ្នកមិនអាចទទួលបានពន្លឺពីធម្មជាតិ ដែលងាយនឹងធ្វើឲ្យអ្នកបាក់ទឹកចិត្ត និងធ្វើឲ្យខួរក្បាលដើរយឺត ដោយអ្នកស្រាវជ្រាវបានរកឃើញថាការប៉ះពាល់កម្ដៅថ្ងៃ ជួយឲ្យខួរក្បាលរបស់អ្នកដំណើរការបានល្អណាស់៕
ប្រភព៖ webmd