បរទេស៖ ខ្សែបម្រើចាស់វស្សា Luka Modric ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរបស់ក្លិបផ្សេងៗជាច្រើន ព្រោះតែខ្លួនចង់ស្នាក់នៅជាមួយ Real Madrid បន្តទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ខ្សែបម្រើសញ្ជាតិ ក្រូអាត វ័យ ៣៨ ឆ្នាំរូបនេះត្រូវបាន Real Madrid ទិញយកពីក្រុម Tottenham Hotspur កាលពីឆ្នាំ ២០១២ កន្លងទៅ ខណៈក្រោយរួមរស់ជាមួយគ្នាបានរយៈពេល ១២ ឆ្នាំ ទីបំផុតនៅដំណាច់រដូវកាលនេះកិច្ចសន្យារបស់ Modric នឹងអស់សុពលភាពហើយ ប៉ុន្តែឥឡូវនេះលេចឮថារូបគេកំពុងចរចាបន្តកុងត្រាថ្មីជាមួយក្លិបអធិរាជសបន្ថែមទៀត។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថាទាំងភាគី Real Madrid និង Luka Modric ត្រូវបានគេរំពឹងថា ពួកគេនឹងបន្តរួមរស់ជាមួយគ្នានៅរដូវកាលកាលបន្ទាប់មួយរដូវកាលទៀត បន្ទាប់ពីកីឡាករក្រូអាតរូបនេះបានបដិសេធសំណើក្លិបផ្សេងៗច្រើន។
ប្រភពដដែលបានបន្ថែមថា ភាគីក្លិប និងកីឡាករនឹងធ្វើការប្រជុំជាមួយគ្នាម្តងទៀត ដើម្បីពិភាក្សាអំពីប្រាក់ខែ និងព័ត៌មានលម្អិតផ្សេងៗ ប៉ុន្តែសម្រាប់ Modric ផ្ទាល់ គាត់គឺមិនគិតលើប្រាក់ពលកម្មជាធំនោះទេ អ្វីដែលជាគោលបំណងរបស់គាត់ពេលនេះ គឺគាត់គ្រាន់តែចង់ស្នាក់នៅ Santiago Bernabeu បន្តទៀតប៉ុណ្ណោះ។
ប្រភព៖ Fabrizio Romano