ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩នៅខេត្តសៀមរាបបានបំបែកកំណត់ត្រាមានអ្នកចូលរួមច្រើនជាងគេ

//s9.kh1.co/ef/ef32ab77dfb36f2a6b6d42c01e17c8d744c4b97d.jpg
កីទ្បា

 ០១-ធ្នូ-២០២៤ ៣ល្ងាច · ២១ ម៉ោងមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩នៅខេត្តសៀមរាបបានបំបែកកំណត់ត្រាមានអ្នកចូលរួមច្រើនជាងគេ

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩ឆ្នាំ២០២៤ នៅខេត្តសៀមរាបចាប់ផ្តើមនាព្រឹកព្រលឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤​នេះដោយមានអ្នកចូលរួមជាអត្តពលិកអាជីព ពាក់កណ្ដាលអាជីព និងមិនមែនអាជីព បានជួបជុំគ្នានៅខាងមុខប្រាសាទ​អង្គរ ដែល​មានមនុស្សសរុប ១៣ ៨៧៧នាក់ ក្នុងនោះជនបរទេសមានចំនួន ៣ ៣៤៥នាក់ មកពី ៨៧ប្រទេស ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈកម្មការរៀប​ចំកម្មវិធី​បានបញ្ជាក់ថា​ ចំនួននេះបានបំបែក​កំណត់ត្រា នៃការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ តាំងពីឆ្នាំ១៩៩៦ ដែលមានអ្ន​កចូលរួមប្រមាណជាង ៦០០នាក់ មកពីជាង ១០ប្រទេសតែប៉ុណ្ណោះ ។ជាលទ្ធផលជ័យលាភីចំណាត់​ថ្នាក់លេខ១, ២ និងលេខ៣ រត់ចម្ងាយ ២១គីឡូម៉ែត្របានទៅលើ​កីឡាការិនីមកពីប្រទេសជប៉ុនទាំង៣រូប។

វត្តមានប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំង

សមាជិករាជរដ្ឋាភិ​បាល ថ្នាក់ដឹកនាំ ចូលរួមបើក និងរត់ជាមួយ​អត្តពលិកផងបានញ៉ាំងឱ្យព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរលើកទី២៩ ឆ្នាំនេះ កាន់តែមានភាពអធិកអធម​ក្រៃលែង ។

មុនចាប់ផ្តើមចេញដំណើរប្រកួត ជាមួយនឹងស្នាមញញឹមប្រកប​ដោយភាពស្វាហាប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​មានប្រសាសន៍ថា ការចូលរួមរបស់អត្តពលិកទាំងអស់ គឺជាការគាំទ្រដល់យុទ្ធនាការអប់រំ សុខភាពសាធារណៈ មនុស្សធម៌ ជាពិសេសជនពិការដែលរងគ្រោះដោយសារគ្រាប់មីន។ ការចូលរួម​ដ៏ច្រើននាពេលនេះដែរ បានបង្ហាញពីសក្ខីភាពនៃសន្តិភាព និងស្ថិរភាព​នយោបាយនៅកម្ពុជា។

សូមជម្រាបថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដ៏ធំនិងមានវ័យចំណាស់ជាងគេរបស់កម្ពុជាមួយនេះ មាន​គោល​បំណងចម្បង លើកកម្ពស់ដល់វិស័យមនុស្សធម៌ ជាពិសេសជនពិការ​ដែលរងគ្រោះដោយសារគ្រាប់មីន។ ទិវានេះមានការគាំទ្រ​យ៉ាងពេញ​ទំហឹង​ពីរាជរដ្ឋាភិបាល និងបច្ចេកទេសរត់ប្រណាំងស្ដង់ដារ​កម្រិត​អន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុងពិភពលោក IAAF និងAIMF។ ការរត់ប្រណាំងអន្តរជាតិនេះដែរមានវិញ្ញាសារចម្ងាយ ៣ គីឡូម៉ែត្រ, ៥ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ។

ជ័យលាភីចំណាត់ថ្នាក់លេខ១, ២ និងលេខ៣ រត់ចម្ងាយ ២១​គីឡូម៉ែត្រ​បាន​ទៅលើកីឡាការិនី មកពីប្រទេសជប៉ុនទាំង៣រូប។

គាំទ្រដល់ព្រឹត្តិការណកម្រិតអន្តរជាតិនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រៀមដាក់ពង្រាយកម្លាំងយុវជនស្ម័គ្រចិត្តនៅក្នុងតំបន់រត់ម៉ារ៉ាតុងដើម្បីត្រៀមសង្គ្រោះបឋម ដល់កីឡាករ កីឡាការីនី មានបញ្ហា​សុខភាព​​ផ្នែកវេជ្ជសាស្រ្ត និងប្រឆាំងសារធាតុញៀន​នៃគណៈ​កម្មការ​ជាតិអូឡាំពិកកម្ពុជា និងផ្នែកវេជ្ជសាស្ត្រសង្គ្រោះបឋមកាកបាទក្រហម​កម្ពុជាថ្នាក់កណ្តាល សហការជាមួយ​អង្គការដៃគូ បានដាក់កម្លាំង​បណ្តាញយុវជនស្ម័គ្រចំនួន៦០នាក់ ដែលជាសិក្ខាកាមបានឆ្លងកាត់​វគ្គបណ្តុះបណ្តាលរយៈ​ពេលពីរថ្ងៃ​កន្លងមក លើវិជ្ជាសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដោយមានឧបករណ៍ម៉ាស៊ីនជំនួយ​ចលនាបេះដូង(អេ អ៊ី ឌី)និងសម្ភារៈវេជ្ជសាស្ត្រសម្រាប់ជួយ​សង្គ្រោះបឋមផងដែរ។

លោក សុខ សារឿន ប្រធានវេជ្ជសាស្ត្រកីឡា និងប្រឆាំងសារធាតុញៀន អិន អូ ស៊ី (ដូភីង) នៃគណៈកម្មការជាតិអូឡាំពិក​កម្ពុជា​បានឱ្យដឹងថា ឆ្នាំនេះកម្ពុជារៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងប្រវែង២១គីឡូម៉ែត្រ គឺមានអ្នកចុះ​ឈ្មោះចូលរួមជាង១៤ ០០០នាក់។

ទន្ទឹមនឹងនេះគណៈកម្មការជាតិអូឡាំពិកកម្ពុជាក៏បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការឆ្លើយតបសង្រ្គោះបឋមក្នុងអំឡុងពេល

ព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤មុខអង្គរវត្ត ក្នុងគោល​បំណងលើកកម្ពស់ សុវត្ថិភាព សុខភាពសាធារណៈ និងលើកកម្ពស់ជំនាញវិជ្ជាសង្រ្គោះ​បឋមដោយផ្តោតលើ CPR និង AED ដល់​អ្នកចូលរួមម៉ារ៉ាតុង ហើយ​យើងដាក់ពង្រាយកម្លាំងយុវជនចាប់ពីចំណុចចាប់ផ្តើមមកដល់ទីផ្តាច់ព្រ័ត្រវិញ ដើម្បីត្រៀមលក្ខណៈ​សង្គ្រោះបន្ទាន់ក្នុងចំណោមអ្នកចូលរួម​រត់ម៉ារ៉ាតុងដែលមានបញ្ហាសុខភាព ។

កម្លាំងទាំង៦០នាក់នេះបែងចែកមានខ្លះជិះកង់ចល័ត និងខ្លះទៀត​ឈរប្រចាំគោលដៅពីរៗនាក់ចម្ងាយពីគ្នាពី១០០០​ម៉ែត្រ​ទៅ១៥០០​ម៉ែត្រ ។ពួកគេ​ទាំងអស់គ្នាសុទ្ឋតែមានបំពាក់តាមខ្លួននូវឧបករណ៍​វេជ្ជសាស្ត្រសង្គ្រោះបឋមមានម៉ាស៊ីនសង្កត់​ភ្ញោចបេះដូង និងថ្នាំព្រម ទាំងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀត។ ក្រៅពីកម្លាំងចល័តតាម​គោលដៅក៏មានក្រុមការងារ និងគ្រូពេទ្យ​ប្រចាំការនៅស្ថានីយ​សង្គ្រោះបឋមទៀតផង។

ឯកឧត្តមបន្ត ក្រុមសង្គ្រោះបឋមនេះ ពួកគាត់មានតួនាទីសង្គ្រោះ​បន្ទាន់បឋមក្នុងករណីស្រាល បើធ្ងន់ធ្ងរគឺផ្តល់ដំណឹងទៅរថយន្ត​សង្គ្រោះ និងមន្ត្រីសុខាភិបាលខេត្ត ដែលប្រចាំការនៅក្បែរៗនោះ។

ចំណែក លោក អុប ពុទ្ធា ប្រធានការិយាល័យវិជ្ជាសង្គ្រោះបឋម​កាកបាទ​ក្រហមកម្ពុជាបាននិយាយថា សកម្មភាពចូលរួមរបស់​បណ្តាញ​អ្នកស្ម័គ្រចិត្ត យុវជនក្នុងពេលនេះ គឺជាការចូល​រួមជាមួយ​ព្រឹត្តិការធំៗរបស់ជាតិផង និងជាការកសាងសមត្ថភាព ដល់​ពួកគេផងសម្រាប់ផ្សព្វផ្សាយបន្ត ស្របតាមយុទ្ធសាស្ត្ររបស់​កាកបាទ​ក្រហមកម្ពុជា ផងដែរ៕ ដោយ៖ មុនី

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=362,q=100/f2/f274efc17852f92756b8ea731304f1c683dbd074.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ef/ef32ab77dfb36f2a6b6d42c01e17c8d744c4b97d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fc/fc539c19f731693458139abdc86fff8d7418d330.jpg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T