បរទេស៖ ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមបើកការចរចាជាមួយ Manchester United ដើម្បីផ្ទេរយកខ្សែប្រយុទ្ធស្លាប Antony ដែលកំពុងខ្ចីជើងទៅ Real Betis ក្នុងក្របខណ្ឌ La Liga។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Antony ត្រូវបាន Man UTD ទិញយកពីក្រុម Ajax កាលពីរដូវក្តៅឆ្នាំ ២០២២ ក្នុងតម្លៃ ១០០ លានអឺរ៉ូ ឬប្រមាណជា (១០៥ លានដុល្លារអាមេរិក) ប៉ុន្តែក្នុងការលេងនៅទីនេះរយៈពេល ២ រដូវកាលកន្លះមកនេះ រូបគេហាក់ពុំសូវជោគជ័យទាល់តែសោះ ដោយជានិច្ចជាកាលតែងតែទទួលបានពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រ និងតែងតែស្ថិតនៅកៅអីបម្រុងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ Antony ហាក់បង្ហាញទម្រង់លេងបានល្អប្រសើរឡើងវិញ បន្ទាប់ពីរូបគេចាកចេញពីទឹកដី Old Trafford ផ្លាស់ទៅកាន់ Real Betis ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈក្នុងការលេង ៣ ប្រកួតកន្លងមក រូបគេរកបាន ២ គ្រាប់ និងជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតចំនួន ២ ដង។

ងាកមកកាន់ Bayern វិញ បច្ចុប្បន្នពួកគេកំពុងស្វះស្វែងមែនទែន ក្នុងការរកខ្សែប្រយុទ្ធស្លាបថ្មី ដើម្បីមកជំនួស Leroy Sane និង Kingsley Coman ដែលទំនងនឹងចាកចេញពីទឹកដី Allianz Arena នៅរដូវក្តៅខាងមុខ ហើយបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Fichajes.net បានឱ្យដឹងថា ក្លិបយក្ស អាល្លឺម៉ង់ គឺគ្រោងចាយ ៥០ លានអឺរ៉ូ ឬប្រមាណជា (៥២.៥ លានដុល្លារអាមេរិក) ដើម្បីទិញផ្តាច់យកខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំពីក្រុមបិសាចក្រហម៕

ប្រភព៖ Sportskeeda