កូរ៉េខាងត្បូង៖ ស្រួង ភាវី គឺជាកីឡាការិនីប្រភេទកីឡាស្នូកឃ័រមួយរូប ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំង នៅឯប្រទេសកូរ៉េខាងត្បូង ហើយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ ៣ នៅលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាង ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០។ គាត់បានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ដើម្បីរៀបការជាមួយស្វាមីដែលជាជនជាតិកូរ៉េ។ ភាវី នាងបានចំណាយរយៈពេល ៧ឆ្នាំ ដើម្បីវិវឌ្ឍខ្លួនឲ្យក្លាយជាកំពូលកីឡាការិនី។ ការចាប់ផ្តើមដំបូងរបស់នាងគ្រាន់តែទៅមើលស្វាមីលេងប៉ុណ្ណោះ ប៉ុន្តែយូរៗទៅស្វាមីក៏បានបង្រៀនអំពីរបៀបលេង និងនាំយកកីឡាករល្អៗមកបង្ហាត់បន្ថែមទៀតផង។
អ្នកនាង ស្រួង ភាវី បានចូលរួមប្រជែងកីឡាស្នូកឃ័រដំបូងបំផុតក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ ២០១៧ ដោយបានជាប់ចំណាត់ថ្នាក់លេខ ១ និងបានក្លាយខ្លួនជាកីឡាការិនីលេខ ១ ប្រចាំប្រភេទកីឡាស្នូកឃ័រក្នុងឆ្នាំដដែលនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះក៏បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ ២០១៨ ទៀតផង។
តាមពិតទៅកាលពីនៅក្មេង អ្នកនាង ស្រួង ភាវី ចង់ក្លាយខ្លួនជាវេជ្ជបណ្ឌិតទៅវិញទេ ប៉ុន្តែដោយសារជីវភាពគ្រួសារ ទើបត្រូវបង្ខំចិត្តឲ្យនាងឈប់រៀន និងជួយធ្វើការងារស្រែចម្ការជាមួយឪពុកម្ដាយ មុនពេលចាកចេញមករស់នៅប្រទេសកូរ៉េខាងត្បូង។
លើសពីនេះទៅទៀត អ្នកនាង ស្រួង ភាវី ក៏បានចូលរួមការងារមនុស្សធម៌ ដែលបានជួយដល់កុមារកម្ពុជាជាច្រើន តាមរយៈការចែកអំណោយសម្ភារៈសិក្សា និងជួយដល់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាផងដែរ៕